(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សមាជិក សមាជិកាព្រឹទ្ធសភា រួមទាំង​មន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចំពោះមរណភាពរបស់លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សម្ដេច។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ថា មរណភាពរបស់លោក ស ថេង គឺជាការបាត់បង់នូវស្វាមី បិតា បុត្រា បងប្អូនជាទីគោរពស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាបុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងលះបង់គ្រប់យ៉ាងចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ។

សូមជម្រាបថា លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេចក្រឡាហោម ស ខេង បានទទួលមរណភាពនៅប្រទេសចិន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ វេលាម៉ោង១០៖៣៩នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

សពរបស់លោក ស ថេង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសពលេខ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨៕

ខាងក្រោមនេះជាសាររំលែកទុក្ខរបស់សម្តេចសាយ ឈុំ៖