(ត្បូងឃ្មុំ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានជំរុញដល់បណ្តាមន្ទីរពេទ្យទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ ពិសេស ក្នុងតំបន់ដែលកំពុងរងគ្រោះ ដោយទឹកជំនន់ ។
រដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅមណ្ឌលសុខភាព តំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ថ្លែងបន្តថា «ក្នុងរដូវវស្សានេះ ជារដូវមួយដែរប្រជាពលរដ្ឋយើង ងាយឆ្លងនឹងជំងឺដង្កាត់ផ្សេងៗ ក្រៅពីជំងឺគ្រុនឈាម និងគ្រុនចាញ់នោះ ពិសេសក្នុងតំបន់ដែលមានទឹកជំនន់ ដូចនេះសូមគ្រូពេទ្យត្រូវបន្តចុះអប់រំ និងបន្តយកចិត្តទុក្ខដាក់ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ឲ្យកាន់តែម៉ត់ចត់បន្ថែមទៀត»។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំអប់រំ និងអំពាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹក ឬហែលទឹកនៅពេលទឹកជំនន់ ពេលទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់ ។
សម្រាប់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅមណ្ឌលសុខភាពណាមួយ ដែលមានទីទួលមានសុវត្ថិភាព និងត្រូវនាំកុមារទៅចាក់ថ្នាំបង្ការ ឲ្យបានទៀងទាត់ តាមការកំណត់ ទោះបីជាមានទឹកជំនន់ក៏ដោយ។ ប្រសិនបើមានពស់ចឹក សូមប្រញាប់បញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកឲ្យបានទាន់ពេលវេលា ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេងរដ្ឋមន្រី្ត ក៏សូមចូលរួមការសោកស្តាយជាខ្លាំង នូវផលប៉ះពាល់ទាំងឡាយ ដែលបង្កឡើងគ្រោះធម្មជាតិ មកលើបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ អ្វីដែលបងប្អូនត្រូវអនុវត្តបន្តនោះ គឺអនាម័យ រស់នៅស្អាត ហូបស្អាត បរិស្ថានស្អាត។
ជានិច្ចកាលក្រសួងសុខាភិបាល តែងតែប្រតិបតិ្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ខាងវិស័យសុខាភិបាល បានត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបនូវគ្រោះមហន្តរាយ ក៏ដូចជាការសំណូមពររបស់ប្រជាពលរដ្ឋ ក្រសួងបានរៀបចំរួចជាសម្រេច នូវឱសថបរិក្ខារពេទ្យ សម្រាប់ពេលមានទឹកជំនន់នេះ នឹងបណ្តុះបណ្តាលធនធានមនុស្ស បន្ថែមពីលើនេះ ក្រសួងបានទទួលនូវគ្លីនិកចល័ត និងបន្តបញ្ជូនទៅតាមបណ្តារាជធានី-ខេត្ត សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋដូចពេលនេះ។
លោកសាស្ត្រាចារ្យ បន្តថា ជាក់ស្តែងពេលនេះក្រុមការងាររបស់យើង កំពុងតែធ្វើដំណើរ ចុះទៅទីតាំងរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង ដើម្បីចុះពិនិត្យសុខភាព និងផ្តល់ជាឱសថ និងសម្ភារមួយចំនួន ជូនដល់ពួកគាត់ផងដែរ៕