(ភ្នំពេញ)៖ ពលរដ្ឋកម្ពុជា និងពិភពលោកទាំងមូល ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាបានទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដៃ និងឈានទៅដល់ការគ្រប់គ្រងអាសនៈទាំង១២៥របស់រដ្ឋសភា។
យោងតាមរបាយការណ៍ផ្លូវការរបស់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត ក្នុងចំណោមគណបក្ស២០ ដែលចូលរួមប្រកួតប្រជែង គណបក្សប្រជាជនកម្ពុជាទទួលបានគាំទ្រចំនួន ៤ ៨៧៥ ១៨៩ សំឡេង ស្មើនឹង ៧៦,៧៨% នៃសំឡេងឆ្នោតបានការទាំងអស់ ៦ ៣៤៩ ៣៨៩ សំឡេង។ ប្រសិនបើប្រៀបធៀបនឹងចំនួនសំឡេងឆ្នោត ទទួលបាននៅក្នុង ការបោះឆ្នោតនាខែកក្កដាឆ្នាំ ២០១៣ គណបក្សប្រជាជនកម្ពុជាទទួលបាន ៣ ២៣៥ ៩៦៩ (៤៨,៨៣%) និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខែមិថុនា ឆ្នាំ ២០១៧ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រចំនួន ៣ ៥៤០ ០៥៦ សំឡេង (៥០,៧៦%) គឺគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រកើនឡើង នៅរៀងរាល់ការបោះឆ្នោត។ ក្នុងរយៈពេល ៥ ឆ្នាំ ពោលគឺពីការបោះឆ្នោតអណត្តិទី៥ ខែកក្កដា ឆ្នាំ ២០១៣ ដល់ការបោះឆ្នោតអាណត្តិទី៦ ខែកក្កដា ឆ្នាំ ២០១៨ គណបក្សប្រជាជនកម្ពុជាបានកើនសំឡេងចំនួន ១ ៦៣៩ ២២០ សំឡេង។
តើសំឡេងបោះឆ្នោតគាំទ្រនេះមកពីប្រភពណាខ្លះ?
ទី១៖ អ្នកបោះឆ្នោតព្រមានគណបក្សប្រជាជននៅឆ្នាំ ២០១៣ បានវិលមកគាំទ្រវិញ៖ ក្រៅពីសមាជិករបស់ខ្លួនដែលបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រពីអ្នកគាំទ្រអ្នកបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ឬបក្សដទៃទៀតដែលបោះដើម្បីព្រមានគណបក្សប្រជាជនកាលពីឆ្នាំ២០១៣។ ការវិលមកគាំទ្រវិញនេះដោយសារតែ អ្នកទាំងនោះបានមើលឃើញថា គណបក្សសង្គ្រោះជាតិដែលខ្លួនជឿថា ជាក្តីរំពឹងនិងគួរឱ្យទុកចិត្ត តាមពិតគឺ ជាផ្លែល្វាតែប៉ុណ្ណោះ បានត្រឹមភូតកុហក បោកប្រាស់ ធ្វើនយោបាយប្រជាភិថុត និងប្រជោបាយនិយម ញុះ ញង់ប្រជាពលរដ្ឋ បញ្ឆេះកំហឹង និងធ្វើឱ្យស្អប់ខ្ពើមរើសអើងប្រកានពូជសាសន៍។
ពលរដ្ឋដែលបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិមុនមើលឃើញថា បក្សដែលខ្លួនជឿថាជួយអ្វីដូចដែលគេបានសន្យា តែតាមពិតគឺជា អ្នកបំផ្លាញខ្លួនទៅវិញ តាមរយៈការដើរទៅបរទេសញុះញង់ឱ្យបរទេសកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជាព្រមទាំងដាក់សម្ពាធនយោបាយនិងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងកម្ពុជា។ នេះគឺជាការវាយបំបែក ឆ្នាំបាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ អ្នកដែលធ្លាប់បោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិក៏ខកចិត្តមិនចេះ ស្ទើរព្រោះបោះឆ្នោតដើម្បីបានសេចក្តីសុខ ប៉ុន្តែក្រោយពីការបោះឆ្នោតឆ្នាំ ២០១៣ សម រង្ស៊ី និងកឹម សុខា បានអនុវត្តផែនការបដិវត្តន៍ពណ៌ បង្កចលាចល និងប្រុងនាំប្រទេសកម្ពុជាចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមសារ ជាថ្មី រំខានដល់ការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិតរបស់ពួកគាត់ និងមិនមានសន្តិសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ខ្វាយខ្វល់ នឹងការក្រឡុកស្ថានការណ៍របស់ក្រុមគណបក្សប្រឆាំង។
ពលរដ្ឋបោះឆ្នោតោ្យដើម្បីបម្រើរាស្ត្រ ប៉ុន្តែក្រុមបក្សប្រឆាំងបែរជាធ្វើនយោបាយបំផ្លាញរាស្ត្រ និងបំផ្លាញសន្តិភាពជាតិនិងប្រជាជនទៅវិញ និងប្រជាពលរដ្ឋមើលឃើញ ពីអ្នកកសាងជាតិ និងអ្នកស្នេហាជាតិពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។ ហេតុដូច្នេះ ហើយបានជា បងប្អូនប្រជាពលរដ្ឋ បានសម្រេចចិត្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាថ្មីឡើងវិញ ផ្តល់ទំនុកចិត្តដល់បក្សប្រជាជនកម្ពុជាដែលបានជួយរំដោះ និងសង្គ្រោះជីវិតរបស់បងប្អូនចេញពីរបបខ្មែរក្រហម និងកសាងអភិវឌ្ឍជាតិរហូតបានរីកចម្រើនដូចសព្វថ្ងៃនេះ។ សូម្បីតែលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏បានវាយតម្លៃថាសមាជិកនិងអ្នកបោះឆ្នោតគាំទ្រគណបក្ស សង្គ្រោះជាតិបានអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ។ និយាយឱ្យចំពលរដ្ឋខ្មែរមិនបន្តដេកឱបខ្មោចបក្សចង្រៃជាតិនេះទៀតទេ។
ទី២៖ ទំនុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាពីសំណាក់អ្នកបោះឆ្នោតកណ្តាលនិយមមានកាន់តែខ្លាំងឡើង៖ គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ យ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨ នេះគឺដោយសារតែពលរដ្ឋមានទំនុកចិត្តកាន់តែខ្លាំងមកលើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ក្នុងរយៈពេល ៥ ឆ្នាំនៃការដឹកនាំក្នុងអាណត្តិទី ៥ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យទាំងអស់។ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៧% ក្នុងមួយឆ្នាំ ប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករកម្មការិនីត្រូវបានដំឡើងយ៉ាងទៀងទាត់ និងជីវភាពប្រជាពលរដ្ឋមានភាពធូរធារ មានស្ថិរភាពជាតិ ហើយកម្ពុជាទាំងមូល បានកសាងសមិទ្ធិផលជាច្រើន រួមនឹងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។ ការណ៍នេះបានធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តកាន់ តែខ្លាំងឡើយលើការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើសមាជិកគណបក្សដែលបោះឆ្នោតគាំទ្រ កំណើនសំឡេងរបស់គណបក្សប្រជាជន ក៏បានមកពីអ្នកបោះឆ្នោតកណ្តាលនិយមផងដែរ ពីព្រោះអ្នកបោះឆ្នោតទាំងនេះជានិស្សិតបញ្ញាវ័ន្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជីវករ កម្មករកម្មការិនី និយោជក បានមើលឃើញពីការអភិវឌ្ឍប្រទេសពិត ការយកចិត្តទុកដាក់លើជីវភាពរស់នៅ និងប្រាក់ខែ ក៏ដូចជាការបង្កើនការយកចិត្តទុកដាក់លើសុខុមាលភាពសង្គម និងការផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគាត់។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករកម្មការិនី ពិតជារីករាយនឹងអត្ថប្រយោជន៍ដែលខ្លួនបានទទួល និងការកែទម្រង់នេះបានឆ្លើយចំការចង់បានរបស់ប្រជាពលរដ្ឋទូទៅ។
មុននឹងសម្រេចចិត្តគូស សន្លឹកឆ្នោត បងប្អូនប្រជាពលរដ្ឋទាំងនេះបានពិចារណាច្បាស់ថាតើនរណាដែលខ្លួនជឿជាក់ថាធ្វើឱ្យក្តីសុបិន្ត របស់ពួកគេបានសម្រេច។ ដូច្នេះ អ្នកបោះឆ្នោតកណ្តាលនិយមនេះ ក៏បានងាកមកបោះឆ្នោតគាំទ្រឱ្យគណបក្សប្រជាជន ដោយសារតែពួកគាត់មើលឃើញសមិទ្ធិផលជាក់ស្តែង និងបានជឿជាក់ថា សន្លឹកឆ្នោតដែលពូកគាត់គូសឱ្យគណបក្សប្រជាជនកម្ពុជាគឺត្រូវតាមបំណងរបស់គាត់ ហើយសន្លឹកឆ្នោតគាត់បានផ្តល់នូវផលប្រយោជន៍ជាច្រើនជូនដល់ពលរដ្ឋខ្មែរទូទៅ។
ទី៣៖ កំណើនអ្នកបោះឆ្នោតថ្មីជាយុវជនដែលជឿជាក់លើគណបក្សប្រជាជនកម្ពុជា៖ ពលរដ្ឋខ្មែរជិត ៧០%គឺជាអ្នកកើតក្រោយរបបខ្មែរក្រហម ដែលជាកម្លាំងធនធានមនុស្សដ៏រឹងមាំរបស់កម្ពុជា។ ពួកគាត់បានរស់នៅក្នុងសុខសន្តិភាពក៏ដោយសារតែការ ដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានមេដឹកនាំជា ទីទុកចិត្តរបស់ប្រជាពលរដ្ឋ មានគោលនយោបាយត្រឹមត្រូវ ក្នុងការកសាងនិងអភិវឌ្ឍជាតិ។ កាលដែលអ្នកបោះឆ្នោតជាយុវជនគាំទ្រខ្លាំងលើ គណបក្សប្រជាជនកម្ពុជាដោយសារតែពួកគេយល់ថាមានតែគណបក្សប្រជាជនតែមួយគត់ដែលអាចថែរ ក្សាសន្តិភាព ស្ថិរភាពជាតិ និងអភិវឌ្ឍប្រទេសឱ្យជឿនលឿន។
ប្រសិនបើការជ្រើសរើសខុសនាំប្រទេសចូលក្នុងភ្នក់ភ្លើងសង្គ្រាម នោះអនាគតរបស់ពួកគេនឹងត្រូវបំផ្លាញដោយសង្គ្រាម។ ហេតុដូច្នេះហើយបានជាយុវជនបានចូលរួមគាំទ្រយ៉ាងខ្លាំង លើបុព្វហេតុគណបក្សប្រជាជនកម្ពុជាក្នុងការការពារសន្តិភាព និងការអភិ វឌ្ឍ ហើយប្រឆាំងដាច់ខាតនូវផែនការទុច្ចរិតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញជាតិ នាំជាតិកើតសង្គ្រាមឡើងវិញ។ យុវជនទាំងនេះបានសិក្សា និងដកបទពិសោធនៃប្រវត្តិសាស្ត្រកម្ពុជាពីអតីតកាល និងបានចូលរួមការពារប្រទេសពីការជ្រៀតជ្រែកពីបរទេស និងបានប្រឆាំងដាច់ខាតចំពោះក្រុមអ្នកនយោបាយប្រឆាំង ដែលយកអធិបតេយ្យជាតិ បូរណភាពទឹកដីទៅដាក់ក្រោមបាត ជើងជនបរទេស បម្រើប្រយោជន៍បរទេស។ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតដែរ យុវជនមិនស្រឡាញ់នូវសង្គ្រាមឡើយ។ ហេតុដូច្នេះហើយបានជាការអំពាវនាវឱ្យមានសង្គ្រាមរបស់សម រង្ស៊ី បានក្លាយជាគ្មានន័យ គ្មានការចាប់អារម្មណ៍នឹងការអំពាវនាវឱ្យធ្វើពហិកាបោះឆ្នោត។
ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាក្នុងនាំយកសន្តិភាពជូនជាតិមាតុភូមិ និងបានការ ពារសន្តិភាពបានយ៉ាងល្អ ប្រឆាំងនឹងបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំង រួមនឹងការអភិវឌ្ឍជាតិរីកចម្រើនជានិច្ចបានធ្វើឱ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងហើយក៏មានការចូលរួមពីកម្លាំងនិន្នាការនយោបាយផ្សេងទៀតដែរ។ សរុបទៅប្រជាពលរដ្ឋខ្មែរជាង ៨២% ដែលបានទៅបោះឆ្នោតចូលរួមក្នុង ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងនោះ បងប្អូនខ្មែរជាច្រើនលាននាក់ បានមករួបរួមកម្លាំងជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក និងចៅហ្វាយនាយបរទេសពួកគេ ប៉ុនប៉ងបំផ្លាញសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជាមាន និងការពារឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយនូវសុខសន្តិភាពដ៏មានតម្លៃនេះ។
បងប្អូនជឿជាក់ថាមានតែគណបក្សប្រជាជន តែមួយគត់ដែលអាចផ្តល់សេចក្តីសុខពិតប្រាកដ ការអភិវឌ្ឍពិតប្រាកដដល់ជាតិនិងប្រជាជនកម្ពុជា។ ហេតុដូច្នេះហើយបានជាគណបក្ស ប្រជាជនកម្ពុជា ទទួលបានការគាំទ្រកើនឡើងយ៉ាងខ្លាំង គឺជាង១,៦ លានសំឡេងនៅក្នុងរយៈពេល៥ឆ្នាំ៕
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨