(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប នឹងត្រូវបានពង្រឹងកាន់តែជិតស្និតថែមទៀត ដើម្បីធ្វើឱ្យកម្ពុជា ក្លាយទៅជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ ទាក់ទាញ និងមានគុណភាពលំដាប់ពិភពលោក។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាពតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីតែងតាំងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ «ជាសមាជិក នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប» រួមជាមួយលោកសាស្រ្តាចារ្យបណ្ឌិត អានតុន ការ៉ាហ្គា (Anton Caragea) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអ៊ឺរ៉ុប នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។
ឧបនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាដូច្នេះថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោយការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជអឺរ៉ុប និងក្រសួងទេសចរណ៍កម្ពុជា នឹងត្រូវបានពង្រឹងកាន់តែជិតស្និតថែមទៀត ដើម្បីធ្វើឱ្យកម្ពុជា ក្លាយទៅជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ ទាក់ទាញ និងមានគុណភាពលំដាប់ពិភពលោក»។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគោលនយោបាយឈ្នះ-ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យដល់កម្ពុជា រួមទាំងវិស័យទេសចរណ៍ ដែលបាននាំមកនូវអ្នកទេសចរណ៍ជាង៥លាននាក់ មកទស្សនានៅកម្ពុជាកន្លងទៅ។ ទាំងនេះក៏ដោយសារតែមានសន្តិភាពពេញលេញ នៅទូទាំងប្រទេស។
លោកបានបន្ថែមទៀតថា ការអភិវឌ្ឍវិស័យទេសចរណ៍ បានចូលរួមចំណែកដ៏មានប្រសិទ្ធភាព ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលផ្ទាល់ ជូនប្រជាពលរដ្ឋធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ទាក់ទាញបំផុតនៅក្នុងពិភពលោក។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល៦នេះ លោក អានតុន ការ៉ាហ្គា រួមជាមួយគ្នាគណៈប្រតិភូក៏បានឆ្លៀតឱកាស ចូលរួមជាសង្កេតការណ៍ នៅថ្ងៃទី២៩ ខែកក្កដានេះផងដែរ។ ជាមួយគ្នានេះសង្ឃឹមថា គណៈប្រតិភូបានសង្កេតឃើញថា ការបោះឆ្នោតដោយត្រឹមត្រូវ និងប្រជាធិបតេយ្យ ដែលមានប្រជាជនចូលរួមបោះឆ្នោតជាង៨២ភាគរយ ដែលយើងគួរតែលើកទឹកចិត្តការអនុវត្តកាតព្វកិច្ចលទ្ធិប្រជាធិបតេយ្យ នៃប្រជាជនកម្ពុជា។
ទទ្ទឹមនឹងនេះ អតីតរដ្ឋមន្ត្រីការទូតកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប ជាពិសេសឯកឧត្តមសាស្ត្រចារ្យបណ្តិត អានតុន ការ៉ាហ្គា ដែលបានគាំទ្រកម្ពុជាជានិច្ច និងចាត់ទុកកម្ពុជា ជាគំរូសម្រាប់ពិភពលោក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍មួយ ដែលបានធ្វើការបែងចែកចំណូលប្រកបដោយសមធម៌ និងបានទទួលស្គាល់កម្ពុជាថា ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក»។
ក្នុងឱកាសនោះលោកបណ្ឌិត ថោង ខុន បានថ្លែងថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា «មាសបៃតង» ចូលរួមទ្រទ្រង់កំណើន សេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ជាការនាំចេញ នៅនឹងកន្លែង និងចូលរួមទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់។ ជាក់ស្តែងឆ្នាំ២០១៧ កម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៥.៦លាននាក់ កើនឡើង១១.៨% នាំប្រាក់ចំណូលប្រមាណ៣,៦៣៨លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែក១៣% នៃផលិតផលក្នុងសរុប (GDP) និងបង្កើតការងារដោយផ្ទាល់ប្រមាណជាង៦២ម៉ឺននាក់។ ដោយឡែក ក្នុងរយៈពេល០៥ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណ២.៦លាននាក់ កើនឡើង១៣.៥% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។
លោក ថោង ខុន បានបន្តថា តាមការព្យាករណ៍កម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦.២លាននាក់ នៅឆ្នាំ២០១៨ និង៧លាននាក់ នៅឆ្នាំ២០២០ នាំមកនូវចំណូលប្រមាណ៥ពាន់លានដុល្លារ បង្កើតនូវឱកាសការងារដោយផ្ទាល់១លាននាក់។ នៅឆ្នាំ២០៣០ កម្ពុជា អាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ១៥លាននាក់ ដោយនាំមកនូវចំណូលសរុប១០ពាន់លានដុល្លារ បង្កើតនូវឱកាសការងារ ប្រមាណ២លាននាក់។
ដោយឡែកសម្រាប់ទេសចរណ៍ក្នុងស្រុក កំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ (៤%-៥%ជាមធ្យម)។ ជាក់ស្តែង នៅឆ្នាំ២០១៦ ទេសចរក្នុងស្រុកមានចំនួនជាង១០.២លាននាក់ កើនដល់១០.៨លាននាក់ នៅឆ្នាំ២០១៧ និងជាង១១លាននាក់ នៅឆ្នាំ២០១៨ ហើយជាចក្ខុវិស័យយើងរំពឹងថានឹងមានទេសចរក្នុងស្រុកប្រមាណ១៩លាននាក់ នៅឆ្នាំ២០២៥៕