(ភ្នំពេញ)៖ លោក ឈុន សុភ័ក្រ តំណាងលោកស្រី ទាវ ធីតា អនុប្រធានទី១ក្រុមការងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានផ្តល់ អំណោយសប្បុរសធម៌ ជូនដល់គ្រួសារសពរបស់ជនចាស់ជរាចំនួន២គ្រួសារ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ។ 

អំណោយសប្បុរសធម៌របស់លោកស្រី ដែលបានផ្តល់ជូនដល់គ្រួសារទាំង២នោះ គឺក្នុងមួយគ្រួសារៗ ទទួលបាន ថវិការចំនួន៥០ម៉ឺនរៀល ។ អំណោយជាថវិកានោះ បានប្រគល់ជូនក្រុមគ្រួសារសពទី១ ឈ្មោះ ម៉ៅ ប៉ុន នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងក្រុមគ្រួសារសពទី២ ឈ្មោះ ប៉ី ឌី នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាចធានីភ្នំពេញ។

លោក ឈុន សុភ័ក្រ បានលើកឡើងថា ជនចាស់ជរាទាំង២រូប ដែលបានទទួលមរណៈភាពខាងលើ មានទីលំនៅ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានជំងឺរុំារៃជាយូរឆ្នាំមកហើយ។ ហើយការជួយជាអំណោយមនុស្សធម៌របស់ លោកស្រី ទាវ ធីតា នាពេលនេះ ជាការចូលរួមចំណែក ក្នុងការជួយសម្រួលដល់ទុក្ខលំបាក របស់ក្រុមគ្រួសារសពរបស់ពួកគាត់បានមួយរយៈពេលផងដែរ។

សូមបញ្ជាក់ថា លោកស្រី ទាវ ធីតា ភរិយាលោក ឧកញ៉ាថោង សារ៉ាត់ តែងតែយកចិត្តទុកដាក់ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារ ក្រីក្រជានិច្ច គឺលោកជំទាវតែងតែផ្តល់នូវជំនួយ ជាអំណោយនូវគ្រឿងឧបភោគ និងគ្រឿងបរិភោគផ្សេងៗ រួមនឹងថវិការជាដើម៕