(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលនៃប្រទេសមួយចំនួន ដែលមិនបានបញ្ជូនអ្នកសង្កេតការណ៍ មកសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅកម្ពុជាទេ ប៉ុន្តែបែរជាប្រកាសថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួង ដែលអង្គភាព Fresh News ទទួលបាននៅយប់នេះ បានបញ្ជាក់ថា «ក្រសួងមានការសោកស្តាយចំពោះការវាយតម្លៃដោយមូលហេតុនយោបាយ របស់រដ្ឋាភិបាលបរទេសមួយចំនួន ដែលបានបដិសេធមិនបញ្ជូនអ្នកសង្កេតការណ៍ ប៉ុន្តែបែរជាប្រកាសតាំងពីពេលចាប់ផ្តើមរហូតដល់ពេលបញ្ចប់ថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌»។
បើតាមសេចក្តីថ្លែងការណ៍ ការមិនអើពើទៅដល់គុណភាពបច្ចេកទេសនៃដំណើរការបោះឆ្នោត គឺមានន័យស្មើនឹងការមិនឲ្យតម្លៃដល់ឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលបានសម្តែងចេញតាមរយៈសន្លឹកឆ្នោតចំនួន ៦.៩៤៦.១៦៤ សន្លឹក។ ឥរិយាបថបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលត្រូវបានពង្រឹងតាំងពីយូរមកហើយ និងបង្កើតឲ្យមានការសង្ស័យចំពោះភាពស្មោះត្រង់ពិតប្រាកដ ដែលចង់ឃើញប្រទេសកម្ពុជារីកចម្រើនទៅមុខទៀត នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យឥតងាកក្រោយ ស្របពេលដែលប្រទេសកម្ពុជាកំពុងតែរីករាយជាមួយនឹង «សន្តិភាពដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើប» និងការអភិវឌ្ឍប្រកបដោយចីរភាពដ៏ឋិតឋេរ៕
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖