(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុងចំពោះការលើកឡើង តាមរយៈការចេញផ្សាយពីបណ្ដាញសារព័ត៌មានលើសង្គម Facebook មួយចំនួនថា អាជ្ញាធរខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ ទៅវាយកម្ទេចរបងផ្ទះរបស់លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌នោះ វាមិនមែនជាការពិតនោះទេ។

នៅព្រលប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ អភិបាលខណ្ឌឬស្សីកែវ នៅក្នុងសន្និសីទកាសែតមួយ បានច្រានចោលចំពោះការចុះផ្សាយព័ត៌មាននៅលើបណ្តាញសង្គម Facebook ដែលចោទដល់ អាជ្ញាធរថា បានប្រើហិង្សាលើប្រជាពលរដ្ឋភ្លាម បន្ទាប់ពីចប់បោះឆ្នោតភ្លាម រហូតមានការចោទប្រកាន់មកលើអាជ្ញាធរ និងសមត្ថកិច្ច បានចាប់ក្មេងមិនទាន់គ្រប់អាយុទៀតផង។

ត្រង់ចំណុចនេះ លោក ជា ពិសី បានបញ្ជាក់ថា ករណីនេះផ្តើមចេញពីលោក មាស សាវឿន បានយកគ្រឿងចក្រប្រុងទៅវាយរបងអ្នកជិតខាងដែលស្របច្បាប់ ហើយចង់សង់សំណង់រឹង ពេលនោះក៏មានបណ្តឹងពីម្ចាស់ដី រួចលោកក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុផារី ផងនោះ បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះទៅជួយអន្តរាគមន៍ ដើម្បីទប់ស្កាត់។ ប៉ុន្តែពេលចុះទៅដល់ស្រាប់តែក្រុមកម្មកររបស់លោក មាស សាវឿន ក៏មកប្រមូលផ្តុំតវ៉ាប្រដាប់ដោយដំបង កាំបិត ដាវ និងដុំថ្ម រហូតគប់លាមកមកលើអាជ្ញាធរទៀតផង។

ជាមួយគ្នានេះ ក្រុមកម្មករទាំងនោះ ថែមទាំងបានប្រើក្មេងមិនទាន់គ្រប់អាយុទៅទិញសាំង ដើម្បីចង់ដុតបង្កភាពតវ៉ាកាន់តែខ្លាំង ដូច្នោះហើយទើបអាជ្ញាធរធ្វើការរារាំង ក្មេងនោះមិនឲ្យយកសាំងទៅនោះទេ ស្រាប់តែមានការចោទប្រកាន់ថា អាជ្ញាធរបានប្រើអំពើហិង្សា និងចាប់ក្មេងទៅវិញ។ បើតាមលោកអភិបាលខណ្ឌ ចំពោះបញ្ហានេះ គឺមានអ្នកនៅពីក្រោយខ្នង និងនាំឲ្យបញ្ហានេះកើតឡើង។

លោក ជា ពិសី បានបន្តថា អ្វីដែលជាការពិតនោះ គឺក្នុងនាមអាជ្ញាធរខណ្ឌឬស្សីកែវ បានទទួលពាក្យបណ្ដឹងមួយ ដើម្បីធ្វើការដោះស្រាយរវាងលោក មាស សាវឿន មានជម្លោះដីធ្លីជាមួយអ្នកជិតខាង ជាប់ព្រំដីគ្នាតាំងពីយូរឆ្នាំមកហើយ ដោយទាមទាររក្សាស្ថានភាពដីឲ្យនៅជាទ្រង់ទ្រាយដើម ពោលគឺមិនអនុញាតឲ្យមានការសាងសង់ផ្ទះ ឬធ្វើជារបងឡើយ រង់ចាំការដោះស្រាយជម្លោះត្រូវបានបញ្ចប់ ដោយគណៈកម្មការចម្រុះ ទើបភាគីម្ខាង ក្នុងចំណោមភាគីទាំងពីរ អាចអាស្រ័យផលលើដីកំពុងមានជម្លោះនេះតទៅទៀតបាន។

សូមបញ្ជាក់ថា លោក ជា ពិសី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះជិត១០០នាក់ ធ្វើការសម្របសម្រួលតាមពាក្យបណ្ដឹង ដើម្បីឲ្យបក្ខពួកលោក មាស សាវឿន ផ្អាកសកម្មភាពជាបន្ទាន់ ក្នុងការលួចសាងសង់របងផ្ទះចំលើដីប្រជាពលរដ្ឋ ដែលមានលិខិតកាន់កាប់ ស្របច្បាប់ត្រឹមត្រូវ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអនុវត្តតាមនីតិវិធីដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ខាំ សុផារី។

លោក ជា ពិសី បានលើកឡើងថា ក្រោយពីទទួលបានបទបញ្ជាពីលោក ឃួង ស្រេង ក្នុងនាមអាជ្ញាធរខណ្ឌ តម្រូវឲ្យលោក មាស សាវៀន ត្រូវផ្អាកសកម្មភាពជាបន្ទាន់ ក្នុងការសាងសង់របងផ្ទះ លើដីប្រជាពលរដ្ឋ ដែលមានលិខិតកាន់កាប់ស្របច្បាប់ត្រឹមត្រូវ ដោយរក្សាស្ថានភាពដីឲ្យនៅដូចដើម បើមិនដូច្នេះទេ និងមានវិធានការរដ្ឋបាលតាមផ្លូវច្បាប់ជាបន្តបន្ទាប់ទៀតជាមិនខាន ដោយសារមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ។

គេនៅចាំបានថា កាលអំពីអំឡុងឆ្នាំ២០០០ជាង លោក មាស សាវឿន ជាអតីតអភិបាលរងទី៣ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារផងដែរ ដោយសាររឿងដីធ្លីខាងលើនេះ ដូច្នេះអាជ្ញាធរគួរចាត់វិធានការឲ្យបានខ្លាំងឡើងចំពោះបុគ្គលរូបនេះ មិនគួរទុកឲ្យមកបង្ករឿងដីធ្លីខាងលើនេះទៀតទេ៕