(ភ្នំពេញ)៖ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ACU ទទួលបានការប្រកាស ទ្រព្យសម្បត្តិ និងបំណុលចំនួន២០៧នាក់ ដែលក្នុងនោះមន្រ្តីទើបទទួលបានការតែងតាំងថ្មីចំនួន១៩១នាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ACU ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ។
ជាមួយគ្នានេះ ACU បានទទួលពាក្យបណ្តឹងចំនួន៤២ (អនាមិក១៩ពាក្យ ស្មើនឹង៤៥%) ហើយអង្គភាពបានទាក់ទងភ្លាមទៅក្រសួង ស្ថាប័ន សាមីខ្លួនរងការចោទប្រកាន់ ធ្វើការបំភ្លឺចំនួន១៨ករណី។ អង្គភាពបានឱ្យសាមីខ្លួនរងការចោទប្រកាន់ធ្វើការបំភ្លឺចំនួន២១លិខិត និងបានឆ្លើយតបទៅនឹងម្ចាស់បណ្តឹងចំនួន២៩ម្ចាស់បណ្តឹង ក្រោយពិចារណាថាពាក្យប្តឹងរបស់គាត់មិនពាក់ព័ន្ធ ដល់សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយទេ។
អំឡុងខែកក្កដានេះ អង្គភាពប្រឆាំងអំពើពុករលួយ បានបើកបន្ទប់ស្តាប់ចម្លើយចំនួន២៥លើក បានស្រាវជ្រាវអត្តសញ្ញាណមន្ត្រីរាជការដែលទទួលរងបណ្តឹងចំនួន១៧ករណី ចូលរួមសង្កេតការណ៍ដេញថ្លៃ ពិគ្រោះថ្លៃ និងវាយតម្លៃគម្រោងចំនួន១៥២លើក៕
សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់ ACU ដូចខាងក្រោម៖