(សៀមរាប)៖ រយៈពេល៧ខែ ឆ្នាំ២០១៨ (ពីខែមករា ដល់ខែកក្កដា) មានភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន១,៥៤២,៨៣៩នាក់ កើន៨.៩៧ភាគរយ ទទួលបានចំណូលសរុប៦៩,៦៦៤,៨៦៨ដុល្លារអាមេរិក កើន១៥.៣៦ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ។

រយៈពេល៧ខែកន្លងទៅនេះ ចំណូលបានពីការលក់បណ្ណចូលទស្សនាអង្គរចំនួន ៣,០៨៥,៦៧៨ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមក្នុងសកម្មភាពសង្គ្រោះជីវិតកុមារកម្ពុជា។

ដោយឡែក សម្រាប់ពេញ១ខែកក្កដា ឆ្នាំ២០១៨ មានភ្ញៀវទេសចរបរទេសចំនួន១៨៥,៨៧៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលអាចរកចំណូលជូនរដ្ឋបាន ៨,១៩២,៥២១ដុល្លារអាមេរិក និងបានចំណូលចំនួន៣៧១,៧៥៦ដុល្លារ ត្រូវបានបង់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា៕