(ភ្នំពេញ)៖ ​​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ មិនបានបង្កឲ្យមានការភ័យខា្លចដល់ប្រជាពលរដ្ឋដូចការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៥ កាលពីឆ្នាំ២០១៣នោះឡើយ។

គេនៅចាំបានថាការបោះឆ្នោតឆ្នាំ២០១៣ បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជាខ្លាំង ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្ដង ដោយសារតែនៅក្រោយពេលបោះឆ្នោតភ្លាមៗជាពិសេសនៅពេលរាប់សន្លឹកឆ្នោតម្តង មានការផ្ទុះការតវ៉ា និងប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ច ជាមួយអ្នកតវ៉ាយ៉ាងស្រួចស្រាវនៅតាមការិយាល័យបោះឆ្នោតមួយចំនួន។ ការតវ៉ានេះបានបន្តកើតមានរហូតដល់ពេលយប់ ហើយមានការដង្ហែក្បួនតវ៉ានៅតាមដងផ្លូវរហូតមានអ្នកស្លាប់ព្រោះការប៉ះទង្គិចនោះទៀតផង។

តាមរយៈបាតុភាពទាំងនេះធ្វើឲ្យប្រជាពលរដ្ឋ អាជីវករ នៅក្នុងរាជធានីភ្នំពេញ ព្រួយបារម្ភចំពោះសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ រហូតមិនហ៊ានបើកទ្វារប្រកបរបបអាជីវកម្មផ្សេងៗ មានអ្នកខ្លះទៀតបានទិញគ្រឿងឧបភោគបរិភោគ ដើម្បីត្រៀមបម្រុងទុកនៅក្នុងផ្ទះថែមទៀតផង។ ក្នុងនោះនៅតាមកន្លែងលក់ម៉ូតូ លក់រថយន្តមួយចំនួន ក៏មិនហ៊ានបើកទ្វារលក់ដូរអស់ជាច្រើនថ្ងៃថែមទៀតផង។

ខុសពីឆ្នាំ២០១៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ឆ្នាំ២០១៨នេះវិញ មានសភាពស្ងប់ស្ងាត់មិនបានបង្កការភ័យខា្លចណាមួយដល់ប្រជាពលរដ្ឋតាមរយៈការផ្ទុះបាតុភាពតវ៉ា ឬហិង្សាណាមួយនោះទេ។

ប្រជាពលរដ្ឋមួយចំនួននៅក្នុងខណ្ឌឫស្សីកែវ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពួកគាត់បានចេញទៅបោះឆ្នោតដោយស្ម័គ្រ ដោយរីករាយ ដោយឆន្ទៈ គ្មានការបង្ខិតបង្ខំពីបុគ្គល ឬគណបក្សនយោបាយណាមួយនោះឡើយ។ ពួកគាត់ក៏បានពេញចិត្តចំពោះការបោះឆ្នោតឆ្នាំ២០១៨នេះផងដែរ គឺមានតែភាពសប្បាយរីករាយ ពោលមិនមានការភិតភ័យដូចការបោះឆ្នោតឆ្នាំ២០១៣នោះឡើយ។

តាមរយៈបទសម្ភាសន៍នេះ ប្រជាពលរដ្ឋនៅឫស្សីកែវ បានលើកឡើងថា គាត់មានការភិតភ័យខ្លាំងនៅឆ្នាំ២០១៣ ព្រោះតែក្រោយពេលបោះឆ្នោតមានការតវ៉ា បាតុកម្ម និងបាតុភាពមួយចំនួននៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីអតីតគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត។

សូមស្តាប់ការបង្ហាញនូវភាពខុសគ្នានៃការបោះឆ្នោតឆ្នាំ២០១៨ និងឆ្នាំ២០១៣ របស់ប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ៖