(ចិន)៖ មុនពេលពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១ ឈានចូលមកដល់ក្នុងរយៈពេល១០០ថ្ងៃខាងមុខ សហគ្រាសជាច្រើន បានប្រមូលផ្ដុំគ្នាក្នុងទីក្រុងសៀងហៃ នៅឯមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតជាតិនាសប្តាហ៍មុន ដើម្បីពិនិត្យមើលកម្មវិធី។
លោក ដេវីដ មៀលល័រ (David Miller) បានចំណាយពេលអស់១១ឆ្នាំ ក្នុងទីក្រុងហុងកុង ធ្វើការឱ្យក្រុមហ៊ុនផលិតសម្ភារផ្ទះបាយរបស់អ៊ីតាលី អា-រី-អេដ-តេ (Ariete)។ តាមរយៈពិព័រណ៍ដែលនឹងកៀកចូលមកដល់ខាងមុខនេះ លោកមានក្ដីសង្ឃឹម និងប្រាថ្នាចង់ឱ្យមនុស្សកាន់តែច្រើនស្គាល់ ពីផលិតផលក្រុមហ៊ុនរបស់លោក។
លោក ដេវីដ មៀលល័រ ប្រធានផ្នែកនៅក្រុមហ៊ុន អារីអេដតេ (Ariete) និយាយថា «មិនដែលមានទេពីមុនមក ដែលប្រទេសមួយគិតគូរ ដល់ការជ្រោមជ្រែងក្រុមហ៊ុនបរទេស និងជួយជំរុញវត្តមានរបស់ពួកគេ នៅក្នុងប្រទេសរបស់ខ្លួនដូច្នេះ។ នេះពិតជាឱកាសដ៏ធំធេងមួយ សម្រាប់ពួកយើងដើម្បីជួបអ្នកទិញប្រកបដោយសក្តានុពល ក៏ដូចជាផ្សព្វផ្សាយកិត្តនាមរបស់យើង នៅក្នុងចង្កោមអ្នកប្រើប្រាស់ទូទៅ»។
ប្រមាណ១០០ក្រុមហ៊ុន ដែលមានឯកទេសខាងសំលៀកបំពាក់ គ្រឿងលម្អនិងទំនិញឧបភោគ សម្ភារផ្ទះបាយ និងគ្រឿងអេឡិចត្រូនិច កំពុងដាក់តាំងបង្ហាញផលិតផល និងតម្លៃចរចាររបស់ខ្លួន។ មួយភាគបួននៃក្រុមហ៊ុនទាំងនោះ គឺជាក្រុមហ៊ុនដែលស្ថិត ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥០០។ ចំណែកឯក្រុមហ៊ុនផ្សេងទៀតជា អ្នកឈានមុខផ្នែកឧស្សាហកម្ម ដែលមកពីផ្នែកខុសៗគ្នាជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិច ជប៉ុន និងអ៊ីតាលី។
លោក នែលសម ហ្គេរបល នាយកផ្នែកអភិវឌ្ឍអាជីកម្ម ក្រុមហ៊ុន Metcash Asia Ltd «ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ពិតជាជួយលើកស្ទួយវិស័យពាណិជ្ជកម្ម គឺពាណិជ្ជកម្មគ្រប់ប្រភេទតែម្តង ទាំងតាមអនឡាញ និងមិនតាមអនឡាញ។ យើងពិតជាមានមោទនភាពណាស់ ដែលមានវត្តមាននៅទីនោះ ក៏ដូចជាគាំទ្រ ព្រមទាំងឱ្យតម្លៃ ដល់ការបើកចំហរមួយនេះ ដែលប្រទេសចិនកំពុងតែផ្ដល់ដល់ពិភពលោក»។
ក្រុមហ៊ុនរដ្ឋ ក្រុមហ៊ុនឯកជនធំៗ និងអាជីវកម្មខ្នាតតូចរបស់ចិនជាច្រើន បានមកធ្វើការចរចារតម្លៃ ហើយខ្លះទៀតបានព្រមព្រៀងលើតម្លៃទាំងនោះរួចរាល់ទៅហើយ។ ការតាំងពិព័រណ៍នេះ មិនត្រឹមតែជួយដល់ក្រុមហ៊ុនផ្គត់ផ្គង់ប៉ុណ្ណោះទេ តែវាក៏នឹងជួយដល់ពាណិជ្ជករនានាផងដែរ។
លោក ចាវ យ៉ុង អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Wujie Trading Co., Ltd បានថ្លែងថា «ក្នុងនាមជាក្រុមហ៊ុនតូចមួយ យើងធ្វើដំណើរទៅក្រៅប្រទេស ដើម្បីស្វែងរកផលិតផលល្អៗ ប៉ុន្តែធនធានរបស់យើង គឺមានតិចតួចណាស់។ ដូច្នេះវាពិតជាមានការលំបាកសម្រាប់យើង។ ការតាំងពិព័រណ៍នេះ ផ្ដល់នូវវេទិកាដ៏ល្អប្រពៃ ដើម្បីឱ្យយើងបានឃើញពីផលិតផលជាច្រើន ក៏ដូចជាអាចជួបជាមួយក្រុមហ៊ុនជាច្រើន នៅក្នុងពេលតែមួយផងដែរ»។
ការតាំងពិព័រណ៍នឹងរួមបញ្ចូលនូវ ការដាក់បង្ហាញពាណិជ្ជកម្ម និងការវិនិយោគទៅតាមប្រទេស និងវេទិកាពាណិជ្ជកម្មអន្តរជាតិហុងឈាវ។ ក្រុមហ៊ុនផ្គត់ផ្គង់ទំនិញនិងពាណិជ្ជករនៅទីនេះ គឺត្រឹមតែជាផ្នែកដ៏តូចមួយប៉ុណ្ណោះ នៃចំនួនមនុស្សដែលគេរំពឹងថា នឹងចូលរួមព្រឹត្តិការណ៍ នារដូវស្លឹកឈើជ្រុះនេះ។
ក្រុមហ៊ុនប្រមាណជា២៨០០ ដែលមកពីជាង១៣០ប្រទេស និងតំបន់ នឹងធ្វើការបង្ហាញផលិតផលនានា សម្រាប់អតិថិជនដែលគេរំពឹងថា នឹងមានចំនួន១៥ម៉ឺននាក់៕ (សារព័ត៌មាន CCTV របស់ចិន)