(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុនធំៗទាំង១០ នឹងប្រកាសជ្រើសរើសបុគ្គលិកជាបន្ទាន់ចំនួន១,៩៧១កន្លែង ដោយសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វេទិកាការងារប្រចាំខែកក្កដានេះ មានក្រុមហ៊ុនដែលចូលរួមចំនួន១០គឺ៖ មីក្រូហិរញ្ញវត្ថុ AMK, ក្រុមហ៊ុន Master Suki Soup, ក្រុមហ៊ុន ឯករាជ្យ Photoshop, សណ្ឋាគារ ហ៊ីម៉ាវ៉ារី, ក្រុមហ៊ុនកាហ្វេ Brown, ក្រុមហ៊ុន អាស៊ីវេលុយ, ក្រុមហ៊ុន TH F & B, ក្រុមហ៊ុន Truemoney, ក្រុមហ៊ុន ផាកកាហ្វេ និងក្រុមហ៊ុន DKSH។ វេទិកាការងារនេះ នឹងធ្វើឡើងចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្អូនស្រី តាន ជូលាង និស្សិតផ្នែក ECO Business នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលធ្លាប់បានចូលរួមក្នុងវេទិកា ការងាររបស់ NEA បានលើកឡើងថា ការរៀបចំវេទិកានេះ ពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សិ-និស្សិត ឱ្យបានជួបដោយផ្ទាល់ជាមួយ នឹងក្រុមហ៊ុន។

លោក ជូ លាង បានចាត់ទុកវេទិកាការងារ និងសកម្មភាពផ្សេងៗ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារថា បានរួមចំណែក ក្នុងការនាំយកឱកាសការងារជាច្រើន ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ។ លោកថា «វេទិកានេះពិតជាល្អណាស់បង ព្រោះបានជូយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើឱ្យឆាប់ទទួលបានការងារធ្វើ»

លោក ចាប់ មករា ជា HR Manager ក្រុមហ៊ុន Master Suki Soup បានឱ្យដឹងថា នេះជាលើកទី៤ ដែលក្រុមហ៊ុនបានសហការជាមួយ និង NEA ក្នុងវេទិកាការងារ។

លោកមើលឃើញថា សេវាជួយស្វែងរកការងារធ្វើនេះ គឺពិតជាល្អមែន ដោយបានចូលរួមកាត់បន្ថយអាត្រា អ្នកអត់ការងារធ្វើរបស់ប្រជាពលរដ្ឋខ្មែរ បានយ៉ាងច្រើន នឹងដែលជាចំណែកមួយ ក្នុងយុទ្ធសាស្ត្រដ៏សំខាន់ ដើម្បីជួយដល់អ្នកកំពុងមានតម្រូវការការងារ។

លោកបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោក មានបុគ្គលិកសរុបប្រមាណ៨០០នាក់ ហើយក្នុងចំណោម៨០០នាក់ នោះក៏មានបុគ្គលិកមួយចំនួន ជ្រើសចេញពីវេទិកាការងាររបស់ NEA។

លោក មករា បានបញ្ជាក់បន្ថែមថា មូលហេតុដែលក្រុមហ៊ុន សហការជាមួយ NEA ដោយសារតែ NEA មានបណ្តាញច្រើន ហើយជាស្ថាប័នរដ្ឋ លើសពីនេះទៀត គឺជាឱកាសដែលក្រុមហ៊ុន បានផ្សព្វផ្សាយពីឈ្មោះរបស់ក្រុមហ៊ុនឱ្យគេបាន ស្គាល់កាន់តែច្រើនឡើងបន្ថែមទៀត។

លោកក៏បានថ្លែងអំណរគុណចំពោះ NEA ដែលបានផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុន ក្នុងការសម្របសម្រួល និងផ្តល់ទីតាំងដល់ក្រុមហ៊ុនរបស់លោក ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀត ក្នុងការរៀបចំវេទិកាការងារជារៀងរាល់ខែ។

សូមជម្រាបថា ក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារ ធ្វើដល់ប្រជាពលរដ្ឋខ្មែរ បានប្រមាណ៣,២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមាណ៧,៥៩០នាក់ នឹងរៀបចំវេទិកា ការងារបានចំនួន៤២ដង។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕