(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់គណបក្សនយោបាយមេត្តាកុំធ្វើការចោទប្រកាន់ ឬលាបពណ៌គ្នាទៅវិញទៅមក រវាងអ្នកបានទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត ហើយត្រូវចាត់ទុកថា ជោគជ័យនេះ​គឺជាជោគជ័យរបស់ជាតិខ្មែរទាំងមូល។ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ដែលបង្ហោះមុននេះបន្តិច។

នៅក្នុង Facebook របស់សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងបរិបទនេះ ដើម្បីបន្ត និងពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការបង្រួបបង្រួម និងឯកភាពជាតិខ្មែរ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់គណបក្សនយោបាយ មេត្តាកុំធ្វើការ ចោទប្រកាន់ ឬលាបពណ៌គ្នាទៅវិញទៅមក រវាងអ្នកបានទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោតហើយត្រូវចាត់ទុកថា ជោគជ័យនេះ​គឺជាជោគជ័យរបស់ជាតិខ្មែរទាំងមូល»

នៅក្នុង Facebook របស់សម្តេចក្រឡាហោម ស ខេង បានបន្តថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅ នេះបានបង្ហាញដល់ពិភពលោកឱ្យឃើញពីការចូលរួមរបស់ប្រជារាស្ត្រខ្មែរច្រើនកុះករ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងគណបក្សនយោបាយទាំងអស់ ដែលមានភាពចាស់ទុំខាងនយោបាយ បានធ្វើឱ្យដំណើរការបោះឆ្នោត ប្រកបដោយសុវត្ថិភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។

ជាមួយគ្នានេះសម្តេចក្រឡាហោម បានបន្តថា ការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋច្រើនជាង៨២ភារយ នៃអ្នកមានឈ្មោះបោះឆ្នោត នាពេលកន្លងទៅនេះក៏បានបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋខ្មែរបានយល់ដឹងច្បាស់ និងបានប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកពីគណបក្សនយោបាយនានា ដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ ឬបង្ខិតបង្ខំអ្វីឡើយ៕