(កំពង់ចាម)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ដដឹកកម្មករ ជាមួយម៉ូតូដែលបត់ឆ្លងថ្នល់មិនប្រយ័ត្ន បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៦៦-៦៧ ភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពងចាម។

របាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាង ម៉ាក Hyundai ពាក់ស្លាកលេខកំពង់ចាម3A-5279 បើកបរដោយឈ្មោះ ណយ នីម ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅភូមិខ្វិត ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម បើកពីលិចទៅ កើតបុកម៉ូតូម៉ាកវ៉េវ (ឆ្លាម) គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឃន ស្រីតូច ភេទស្រី អា​យុ២០ឆ្នាំ ទីលំនៅ​ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម (អត់ពាក់មួកសុវត្ថិភាព) បើកឆ្លងផ្លូវពី​ជើងទៅត្បូង បត់ឆ្វេង។

របាយការណ៍ដដែលបញ្ជាក់ថា ករណីនេះបណ្តាលឲ្យ​ស្លាប់មនុស្សម្នាក់ នៅនិងកន្លែង​អ្នករួមដំណើរ របួសមនុស្ស០២នាក់​ ខូចម៉ូតូ និងរថយន្ត២គ្រឿង មូលហេតុរថយន្តប្រើប្រាស់ល្បឿនលឿន បណ្តាលឲ្យទៅបុកម៉ូតូពីក្រោយតែម្តង ហើយអ្នកបើកបររថយន្តបានឃាត់ខ្លួន រួមជាមួយវត្ថុតាងត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ៕