(មណ្ឌលគិរី)៖ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ បាននាំអំណោយរបស់រដ្ឋបាលសាលាខេត្ត និងអំណោយរបស់កាកបាទក្រហមកម្ពុជា ជាថវិកាចំនួន៦៨​,២០០,០០០រៀល ជូនរដ្ឋបាលសាលាខេត្តស្ទឹងត្រែង ដើម្បីទិញអង្ករ​ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។​

ថវិកាដែលលោក ស្វាយ សំអ៊ាង យកទៅប្រគល់ជូនលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ដើម្បីទិញអង្ករចំនួន៣១តោន ដោយក្នុងនោះកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ១៥តោន និងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី១៦តោន ដើម្បី​ចូលរួមចំណែកក្នុងគ្រា ដែលពលរដ្ឋខេត្តនៅជិតគ្នា​ជួប​ទុក្ខលំបាក។

ក្នុងឱកាសនោះ លោកអភិបាលខេត្តស្ទឹងត្រែង ​រួមជាមួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារគ្រោះធម្មជាតិជំនាន់ទឹកភ្លៀង កំពុងជន់លិចនាពេលនេះ សូមធ្វើការសម្តែងនូវការអរគុណយ៉ាងក្រៃលែងនូវជំនួយមនុស្សធម៌ ប្រកប​ដោយទឹកចិត្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ជាពិសេសអំណោយមនុស្សធម៌របស់
កាកបាទក្រហមខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហមកម្ពុជា ដែលជានិច្ចកាលទីណាប្រជាពលរដ្ឋមានទុក្ខលំបាក គឺមានវត្តមានរបស់សម្ដេចជានិច្ច៕​​