(ភ្នំពេញ)៖ របាយការណ៍ផ្លូវការណ៍ របស់លេខាធិការដ្ឋានច្រក់ចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះបញ្ជាក់ថា នៅរយៈពេល៧ខែ ឆ្នាំ២០១៨នេះ ការនាំចេញអង្ករ របស់កម្ពុជានៅតែបន្ដការធ្លាក់ចុះតិចតួច ចំនួន៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។
របាយការណ៍បានបញ្ជាក់ថា គិតចាប់ពីខែមករា-កក្កដា ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិ បានចំនួន២៩៧,០៨០តោន ធ្លាក់ចុះ៦.៣% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧ ដែលមានចំនួន៣១៥,៩១៦តោន។
ចំពោះការធ្លាក់ចុះនេះ ត្រូវបានមន្រ្ដីជាន់ខ្ពស់ ក្រសួងកសិកម្មយល់ឃើញថា ដោយសារតែវិស័យឯកជនខ្វះស្រូវកិនជាអង្ករ សម្រាប់ធ្វើការនាំចេញ ដោយសារតែរោងម៉ាស៊ីនកិនស្រូវ មិនអាចទិញស្រូវស្ដុកទុកបានពេញ១ឆ្នាំ។ ប៉ុន្ដែលោករំពឹងថា នៅខែខាងមុខនេះ ដែលជាខេត្តប្រមូលផលស្រូវ ការនាំចេញនឹងស្ទុះឡើងវិញ។
លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «បើផ្អែកតាមការសនិដ្ឋាន ការមើលឃើញរបស់ខ្ញុំ ភាគច្រើននៃរោងម៉ាស៊ីន មិនមានស្រូវស្ដុក ក្នុងការនាំចេញមួយឆ្នាំនោះឡើយ មិនមែនមានន័យថា ខែប្រមូលផល ពួកគាត់ប្រមូលទុកនាំចេញមួយឆ្នាំនោះឡើយ។ ខែប្រមូលផលគាត់ទិញមិនអស់ស្រូវ នៅពេលដែលកសិករប្រមូលផលឡើយ ដូច្នេះស្រូវអាចចេញទៅក្រៅ ទៅប្រទេសជិតខាងអស់ហើយ»។
លោកបានបញ្ជាក់ទៀតថា «ការធ្លាក់ចុះនេះ បើតាមការអះអាងរបស់អ្នកនាំចេញអង្ករបានឲ្យដឹងថា វាអាចនឹងកើននៅខែក្រោយៗឡើងទៅវិញ ដោយហេតុផលថា ឥឡូវខែគេប្រមូលផលស្រូវស្រាលដើមរដូវ បញ្ហាដែលខ្ញុំមើលឃើញក្រៅពីបញ្ហាដែលអ្នកនាំចេញជួបប្រទះ គឺបញ្ហាមិនមានស្រូវស្ដុកក្នុងការនាំចេញ នៅពេលដែលស្រូវថ្មីកំពុងប្រមូល នៅខែក្រោយនេះ គាត់នឹងទិញកិន ដើម្បីនាំចេញ»។
សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេសបានជាង៦០ម៉ឺនតោន។ ប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺប្រទេសចិន។ ចិនបានផ្តល់កូតានាំចេញអង្ករឲ្យកម្ពុជាចំនួន៣០ម៉ឺនតោនក្នុងមួយឆ្នាំ៕