(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការប្រតិកម្មជាខ្លាំងចំពោះទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ ដែលបានចោទថា ចំនួនប្រជាពលរដ្ឋចេញទៅបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ៨២.៨៩ភាគរយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅជាការបំប៉ោងទិន្នន័យ។ សម្តេចតេជោ ហ៊ុន សែន បានបបួលទណ្ឌិតរត់ចោលស្រុក លោក សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់គ្រប់រូបភាពទាំងអស់ជុំវិញការចោទប្រកាន់ថាបំប៉ោងទិន្នន័យនៃចំនួនអ្នកទៅបោះឆ្នោតនេះ។
ការថ្លែងប្រតិកម្ម និងបបួលទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតលើការចោទប្រកាន់នេះ បានធ្វើឡើងក្នុងពេលដែលសម្តេចតេជោ ហ៊ុន សែន ជួបផ្តល់ដំបូន្មានមួយចំនួនដល់អត្តពលិក កីឡាករ កីឡាករិនី គ្រូបង្វឹក និងប្រតិភូកីឡាមុនចេញទៅប្រកួតកីឡាប្រចាំទ្វីបអាស៊ី (Asian Games) លើកទី១៨ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែសីហា ឆ្នាំ២០១៨នេះ។
របាយការណ៍គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់ បានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។ ចំនួននេះគឺជាអត្រាដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងកំណត់ត្រានៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា៥អាណត្តិកន្លងមក។ អត្រានេះ បានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមានចំណាត់ថ្នាក់លេខ២នៅលើពិភពលោកជាប្រទេសមានប្រជាពលរដ្ឋចេញទៅបោះឆ្នោតច្រើនជាងគេ។
ចំនួនអ្នកចេញទៅបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឲ្យក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានបង្ហាញការស្ញប់ស្ញែងជាខ្លាំងចំពោះដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែសម្រាប់ទណ្ឌិត សម រង្ស៊ី និងអតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិមិនសាទរនោះឡើយ។
មិនសាទរក៏ព្រោះតែនៅមុនពេលការបោះឆ្នោតឈានមកដល់ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកបានធ្វើយុទ្ធនាការ «ដេកផ្ទះឈ្នះឯង» ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំឲ្យចេញទៅបោះឆ្នោត រហូតហ៊ានអះអាងថា ប្រជាពលរដ្ឋនឹងស្តាប់តាមការអំពាវនាវរបស់ពួកគេមិនចេញទៅបោះឆ្នោតនោះឡើយ។ ដូច្នេះការចេញទៅបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ប្រជាពលរដ្ឋខ្មែរ គឺជាការចាញ់យ៉ាងម៉ាសរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក។
មិនត្រឹមតែមិនព្រមទទួលពីភាពបរាជ័យរបស់ខ្លួនប៉ុណ្ណោះទេ ទណ្ឌិត សម រង្ស៊ី នៅតែព្យាយាមរកអំណះអំណាងមកការពារនូវបរាជ័យរបស់ខ្លួនទៀត ដោយបានចោទប្រកាន់ថា អត្រាប្រជាពលរដ្ឋចេញទៅបោះឆ្នោត ៨២.៨៩ភាគរយមិនមែនជារឿងពិត ហើយគ្រាន់តែជាទិន្នន័យបំប៉ោងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប៉ុណ្ណោះ។
ថ្លែងក្នុងពិធីជួបជាមួយកីឡាករ កីឡាការិនី សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី គឺជាស្នៀតចុងក្រោយរបស់ពួកគេ ដែលតែងតែធ្វើឡើង ដើម្បីបដិសេធចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ក្រុមនៅផ្ទះឈ្នះឯង ដែលចាត់ទុកជាការធ្វើប្រជាមតិនេះ វាទៅជាយ៉ាងម៉េចហើយ? សល់តែរឿងមួយទេ ការលួចបន្លំ បំប៉ោងតួលេខសល់តែមួយហ្នឹង អាសត្វចង្រៃហ្នឹងវាសល់តែមួយហ្នឹង ព្រោះសារជាតិរបស់វាតាំងពីដើម រហូតដល់ចប់សល់តែមួយហ្នឹងលួចបន្លំ បំភ័ន្តភ្នែកនៅសល់តែមួយហ្នឹង»។
ទន្ទឹមនឹងការប្រតិកម្មចំពោះការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបបួលទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតដោយឲ្យស្លាប់តៃហោងតាមគ្រប់ទម្រង់នៃការស្លាប់ថែមទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានបបួលទណ្ឌិត សម រង្ស៊ី ស្បថយ៉ាងដូច្នេះ «តើពួកអ្នកឯងហ៊ានស្បថឲ្យរន្ទះបាញ់ ឲ្យងាប់ដោយសារអ្វីក៏ដោយឲ្យតែងាប់ហ៊ានឬអត់? ឬក៏អន្តរាយហ៊ានឬអត់? ដែលអ្នកឯងហ៊ានចោទថាប្រជាពលរដ្ឋត្រូវបានគេបំប៉ោង បំភិតបំភ័យត្រូវគេស្អីអ៊ីចេះអ៊ីចុះហ៊ានស្បថឬអត់? ហ៊ានស្បថទេ? បើហ៊ានឥឡូវបង្ហោះតាម Facebook ទៅ។ ខ្ញុំក៏ហ៊ានស្បថឲ្យងាប់តៃហោង ឲ្យងាប់គ្រប់ប្រភេទតាមដែលងាប់ទៅបានឲ្យតែយមរាជចង់ខ្ញុំងាប់តាមរបៀបណាក៏បាន។ ប៉ុន្តែអ្នកឯងហ៊ានបង្ហោះតាម Facebook ប្រកាសទៅថាស្បថពិតជាអ៊ីចឹងមែន ហើយសុខចិត្តងាប់ សុខចិត្តងាប់តៃហោង ងាប់ប្រភេទណាក៏ដោយឲ្យតែងាប់ ដើម្បីឲ្យវាឃើញស័ក្តិសិទ្ធិតែម្តង»។
សម្តេចតេជោ បន្ថែមថា «អ្នកណាចោទប្រកាន់ខុស អ្នកណុងត្រូវទទួលទេវតាបរាមុខ ឲ្យវាងាប់តែហោងតែម្តងទៅ»។ «ឲ្យខ្ញុំស្លាប់ដោយគ្មានដីកប់ ស្លាប់តៃហោង ប្រសិនបើមានរឿងដូចអ្នកឯងចោទ។ ប៉ុន្តែបើអ្នកឯងមិនហ៊ានស្បថតាមរយៈបង្ហោះ Facebook ឬក៏អ្នកឯងសរសេរក្តី អ្នកឯងនិយាយក្តី ហើយស្បថដូចខ្ញុំកំពុងផ្សាយបន្តផ្ទាល់ អ្នកឯងហ៊ានស្បថដូចខ្ញុំទេ? ខ្ញុំស្បថឲ្យងាប់របៀបណាក៏បានឲ្យតែយមរាជចង់ឲ្យខ្ញុំងាប់ អ្នកឯងស្បថដូចខ្ញុំទេ?»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការស្បថនេះមិនមែនជារឿងផ្ចាញ់ផ្ចាលទេ ហើយក៏មិនមែនជារឿងទាល់ច្រកដែរ ព្រោះថា ប្រពៃណីខ្មែរ ក៏ដូចជាប្រពៃណីនៅលើពិភពលោក ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី សមាជិកសភា ឬព្រឹទ្ធសភាមុនចូលកាន់តំណែងសុទ្ធតែស្បថទាំងអស់៕