(ភ្នំពេញ)៖ អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ លោក ស៊ឹម ស៊ីថា បានអះអាងថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មានតម្រូវការប្រើប្រាស់ទឹកស្អាត ប្រមាណជាង៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈរដ្ឋាករទឹក ផលិតបានជាង៥៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលចំនួននេះនៅមានភាពខ្វះខាតនៅឡើយ។
ការលើកឡើងរបស់ លោកអគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ ក្រោយពីលោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បញ្ចប់ធ្វើទស្សនកិច្ចរោងចក្រទឹកស្អាតនិរោធ នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
លោក ស៊ឹម ស៊ីថា បានបញ្ជាក់យ៉ាងដូច្នេះថា «សព្វថ្ងៃហ្នឹងយើងមានលទ្ធភាពក្នុងការផលិតទឹក និងចែកចាយទឹកទូទាំងរាជធានីភ្នំពេញ ៥៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយមួយឆ្នាំៗរដ្ឋាករទឹកក្រុងភ្នំពេញផលិតទឹកស្អាត ជូនពលរដ្ឋនៅភ្នំពេញប្រើប្រាស់ប្រមាណ១៧០លានម៉ែត្រគូប ដូច្នេះពលរដ្ឋទទួលបានសេវាកម្មពីរដ្ឋាករទឹកប្រមាណ៣៣០ពាន់គ្រួសារ។ ចំនួននេះនៅមានភាពខ្វះខាត នៅឡើងសម្រាប់ពលរដ្ឋប្រើប្រាស់»។
លោកអគ្គនាយក ក៏បានអះអាងថា សព្វថ្ងៃការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ មិនទាន់បានគ្រប់គ្រាន់នៅឡើយទេ ព្រោះរដ្ឋាករទឹកក្រុងភ្នំពេញ មានលទ្ធភាពផលិតទឹកត្រឹមតែ៥៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក៏ប៉ុន្ដែសេចក្ដីត្រូវការទឹកស្អាតប្រើប្រាស់រហូតដល់ប្រមាណ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ជាហេតុទើបធ្វើឲ្យខ្វះខាតទឹកប្រើប្រាស់នៅជាយក្រុង។ កាលណានៅជាយក្រុងប្រើប្រាស់ទឹកច្រើន បានធ្វើឲ្យសំពាធទឹកនៅកណ្ដាលក្រុងភ្នំពេញ មានការថយចុះមួយកម្រិត ដោយសាររោងចក្រផលិតទឹកស្អាត នៅរាជធានីភ្នំពេញ មាន៤កន្លែងប៉ុណ្ណោះ។
ទាក់ទិននឹងការខ្វះទឹកស្អាតប្រើប្រាស់នេះត្រូវ លោក ស៊ឹម ស៊ីថា បានលើកឡើងទៀតថា រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ក៏មានគម្រោងកសាងរោងចក្រផលិតទឹកស្អាតធំៗបន្ថែមទៀត ដើម្បីទាន់តម្រូវការពលរដ្ឋប្រើប្រាស់នៅរាជធានីភ្នំពេញ និងជាយក្រុងផងដែរ។
យ៉ាងណាមិញ ចំពោះដំណើរការទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅរោងចក្រទឹកស្អាតនិរោធ ត្រូវបានលោកអគ្គនាយករដ្ឋាករទឹក បានឲ្យដឹងថា ក្នុងគោលបំណងសិក្សាស្វែងយល់ ឲ្យបានដឹងច្បាស់អំពីការកសាងរោងចក្រផលិតទឹកស្អាតនេះ ដែលបារំាងបានផ្តល់ផ្នែកបច្ចេកទេសមួយចំនួន។ បើតាមលោកអគ្គនាយក ប្រទេសបារំាងបានជូយដល់រដ្ឋាករទឹកក្រុងភ្នំពេញ មានផ្នែកបច្ចេកទេស ផ្នែកឥណទាន ផ្នែកហិរញ្ញប្បទាន ដែលនៅរោងចក្រផលិតទឹកស្អាត និរោគត្រូវបានបារំាងផ្តល់ប្រាក់កម្ចី សម្រាប់សាងសងស្ថានីយ៍បូមទឹកឆៅ ពីទន្លេមេគង្គនាពេលបច្ចុប្បន្ននេះ។
លោក ស៊ឹម ស៊ីថា បញ្ជាក់ថា បារំាងបានផ្តល់ជំនួយឥតសំណងជាដំណាក់កាល គឺទី១៖បានផ្តល់ប្រាក់ជំនួយប្រមាណ៣០ម៉ឺនអ៉ឺរ៉ូ និងក្រោយមកប្រមាណ៥០ម៉ឺន អ៉ឺរ៉ូក្នុងគម្រោងបដិភាគសិក្សាប្លង់មេជាដើម។
សូមរំលឹកថា រដ្ឋាករទឹករាជធានីភ្នំពេញ បានចាប់កំណើតឡើងនៅឆ្នាំ១៩៥៩ ដោយមានការតែងតាំងជាផ្លូវការ តាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៦០ ជាអង្គភាពផលិតកម្ម និងអាជីវកម្មរបស់រដ្ឋចំណុះផ្ទាល់សាលាក្រុងភ្នំពេញ ហើយដែលបានប្រសិទ្ធនាមជាផ្លូវការថា «រដ្ឋាករទឹកភ្នំពេញ»។
អង្គភាពនេះ មានភារកិច្ចផលិតទឹកស្អាត និងផ្គត់ផ្គង់បម្រើតាមសំណូមពរប្រើប្រាស់របស់ពលរដ្ឋនៅរាជធានីភ្នំពេញ ព្រមទាំងធានាតុល្យភាពចំណូល-ចំណាយ លើការងារផលិតកម្ម និងវិនិយោគផងដែរ។ បច្ចុប្បន្នពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានកើនឡើងដល់ប្រមាណ១,៧លាននាក់ ក្នុងចំណោមពលរដ្ឋជាង១៥លាននាក់ នៅទូទាំងប្រទេស៕