(ភ្នំពេញ)៖ ជារឿងមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជា នាពេលនេះ ឧបករណ៍លាងឈាមទំនើបដំបូងគេបង្អស់ជាច្រើនគ្រឿងទៀត ដែលនាំចូលពីប្រទេសជប៉ុន បានមកដល់ ប្រទេសកម្ពុបន្ទាប់ពីបាននាំចូលចំនួន៥គ្រឿងរួចមក។
ឧបករណ៍លាងឈាមទំនើប និងស្តង់ដារអន្តរជាតិនេះ គឺនាំចូលដោយ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទំនើបៗពី ប្រទេសជប៉ុន (JMS) ជាក្រុមហ៊ុន ដែលបានសហការជាមួយមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ ដំបូងគេបង្អស់ ដើម្បីលើកកម្ពស់ស្តង់ដារសុខភាព នៅប្រទេសកម្ពុជា និងដើម្បីបំពេញតម្រូវការលាងឈាម ដែលមានចំនួនច្រើនគួរឲ្យកត់សំគាល់។
លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា អគ្គនាយិកាមន្ទីរពេទ្យពហុព្យាបាលជប៉ុនឡាយហ៍្វ បានប្រាប់ឲ្យដឹងថា មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍ បានបង្កើតឡើងនាពេលនេះ គឺដើម្បីចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេស គឺប្រជាពលរដ្ឋ ដែលមានបញ្ហាខូចតំរង់នោម ដល់ដំណាក់កាលចុងក្រោយ ឈានដល់ការលាងតំរង់នោម។
លោកស្រីបានបន្ថែមថា ចំណុចពិសេសរបស់ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺយើងមានឧបករណ៍ស្តង់ដារអន្តរជាតិ សុទ្ធតែនាំចូលពីប្រទេសជប៉ុន និងមាន វេជ្ជបណ្ឌិតឯកទេសល្អៗ ទៅតាមជំនាញនីមួយៗ ដូចជាផ្នែកតំរង់នោម យើងមានអ្នកឯកទេសផ្នែកតំរង់នោម។ ទោះបីយើងមានឧបករណ៍ទំនើបៗ មានស្តង់ដារខ្ពស់ និងសុទ្ធតែនាំចូលពីប្រទេសជប៉ុនក៏ដោយ ក៏មិនគ្រប់គ្រាន់ដែរ បើគ្មានវរជ្ជបណ្ឌិតមានឯកទេសចូលរួមជាមួយ យើង មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍ មានទាំងឧបករណ៍ បរិក្ខារល្អ និងវេជ្ជបណ្ឌិត ដែលមានគុណភាពខ្ពស់ផងដែរ។
ជាមួយគ្នានោះ លោក ហ៊ុល រឿន អគ្គនាយករងទទួលបន្ទុកអភិវឌ្ឍពាណិជ្ជកម្ម និងរដ្ឋបាល នៃមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ បានបញ្ជាក់ថាការតំឡើងម៉ាស៊ីនទំនើបៗ មកពីប្រទេសជប៉ុន ចំនួន៥គ្រឿងបន្ថែមទៀត ដែលជារបស់ក្រុមហ៊ុន JMS ក្នុងតម្លៃស្តង់ដារអន្តរជាតិ គឺដើម្បីព្យាបាលអ្នកជំងឺតំរង់នោមធ្ងន់ធ្ងរ ដែលត្រូវការការលាងឈាមជាចាំបាច់។ លោក ហ៊ុល រឿន បានបន្តថា ម៉ាស៊ីនដ៏ទំនើបមួយនេះ គឺមានគុណភាពខ្ពស់ ក្នុងការលាងដកជាតិទឹក និងជាតិពុល ចេញពីតំរង់នោមរបស់អ្នកជំងឺ ដែលគាត់ខូចតំរង់នោម។
លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា បានបន្ថែមថា ចាប់តាំងពីការបើកដំណើរការកាលពីឆ្នាំ២០១៥មក មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍ បានផ្តល់ជូននូវ សេវាកម្មល្អៗ ដែលមានស្តង់ដារអន្តរជាតិ ហើយមានតម្លៃសមរម្យ។ ក្នុងឱកាសបើកសម្ពោធអាគារថ្មីរបស់ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍ គឺមន្ទីរពេទ្យ បានផ្តល់កញ្ចប់ពិនិត្យជំងឺទូទៅ ដោយឥតគិតថ្លៃ ចំនួន១០០កញ្ចប់ និងលាងឈាម ដោយឥតគិតថ្លៃចំនួន១០០កញ្ចប់។
លោកស្រីវេជ្ជបណ្ឌិត បានឲ្យដឹងថា សេវាកម្មលាងឈាម នៅមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍ គឺមានតម្លៃសមរម្យ ហើយក៏មានការបញ្ចុះតម្លៃ ជូនអ្នកជំងឺ ដោយតម្លៃ សម្រាប់ អ្នកជំងឺដំបូង គឺចំនាយត្រឹមតែ៥០ដុល្លារ ចំណែកអ្នកជំងឺចាស់ គឺចំណាយ៨០ដុល្លារ និងនៅមានការចំនាយសេវាផ្សេងៗទៀត តែក្នុងតម្លៃសមរម្យ ដោយសារតែមានការជួយបន្ថែមពីជប៉ុន ។
លោក Makoto Tachibana តំណាងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទំនើបៗពី ប្រទេសជប៉ុន (JMS) បានលើកឡើងថា គោលបំណងធំ ដែលក្រុមហ៊ុនជប៉ុននេះ មកសហការជាមួយ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ គឺដើម្បីលើកកម្ពស់ ស្តង់ដារសុខភាពនៅប្រទេសកម្ពុជា និងដោយសារតម្រូវការទាក់ទង នឹងវិស័យសុខាភិបាល ទាក់ទងនឹងការលាងឈាម មានច្រើន និងជាតម្រូវការខ្ពស់នៅកម្ពុជា។
លោក Makoto Tachibana បានបន្តថា នេះជាលើកដំបូង សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទំនើបៗពីប្រទេសជប៉ុន (JMS) ដែលបានសហការជាមួយ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍ ក្នុងការជួយដល់ប្រជាពលរដ្ឋ និងបំពេញតម្រូវការលាងឈាម និងតំរង់នោម នៅកម្ពុជា តាមរយៈឧបករណ៍បរិក្ខារទំនើបៗរបស់ប្រទេសជប៉ុន។
បន្ថែមពីលើនេះ លោកស្រីវេជ្ជបណ្ឌិត ខេង កណ្ណិកា បានលើកឡើងថា មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍្វ សូមស្វាគមន៍ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលចង់ពិនិត្យសុខភាព និងព្យាបាលជំងឺទូទៅ និងជំងឺតំរង់នោម ក៏ដូចជា បងប្អូន ដែលមានជំងឺតំរង់នោមរុំារៃធ្ងន់ធ្ងរ ឈានដល់ការលាងឈាម អាចអញ្ជើញមកមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍។ មន្ទីរពហុព្យាបាលជប៉ុនឡាយហ៍ រីករាយ និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយជួយថែរក្សា និងព្យាបាលអ្នកជំងឺ ក្នុងតម្លៃសមរម្យ ហើយមន្ទីរពហុព្យាបាលជប៉ុនឡាយហ៍ ក៏នឹងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល និងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនាពេលខាងមុនទៀត៕