(កំពង់ចាម)៖ ឪពុកបង្កើត បានដាច់ចិត្តដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ច ចាប់ខ្លួនកូនប្រុស ខណៈដែលកូនប្រុសអកត្តញូរូបនេះ បានអុកឡុកបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាមសម្លាប់មនុស្សក្នុងគ្រួសារ រួមទាំងឪពុកម្តាយផងដែរ។

បុរសជាឪពុក បានប្តឹងសមត្ថកិច្ច និងឈានទៅចាប់ខ្លួនកូនអកត្តញ្ញូនោះ កាលពីថ្ងៃទី៩ ខែសីហាឆ្នាំ២០១៨ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមសមត្ថកិច្ចនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា បុរសជាដើមបណ្តឹងឈ្មោះ ម៉េង ហ៊ល ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ បានប្តឹងទៅលើឈ្មោះ ហ៊ល ឆៃហ៉ីង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរត្រូវជាកូនបង្កើត។

មូលហេតុនៃការប្តឹង ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី៨ ខែសីហា​ ឆ្នាំ២០១៨ វេលាម៉ោង៧៖០០នាទី ឈ្មោះហ៊ល ឆៃហ៉ីង បានយកព្រនង់ដេញវាយខ្លួន និងយកកាំបិតបំរ៉ុងចាក់ម្តាយបង្កើត ដោយស្រែកថា សម្លាប់ឲ្យទាល់តែបាន និងបានទារប្រាក់ចំនួនប្រាំសែនរៀល តែពេលនោះម្តាយបានឲ្យប្រាក់ចំនួនប្រាំម៉ឺនរៀល ទើបឈ្មោះ ហ៊ល ឆៃហ៉ីង ចេញទៅបាត់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា មិនមែនទើបតែថ្មីៗនេះទេ ដែលកូនអកត្តញ្ញូរូបនេះធ្វើបាបគ្រួសារដូច្នេះ កន្លងមកជាញឹកញាប់ឈ្មោះ ហ៊ល ឆៃហ៉ីង តែងតែបានអុកឡុកក្រុមគ្រួសារ បងប្អូន និងវាយបំផ្លាញជញ្ជាំងផ្ទះ បំរ៉ុងដុតផ្ទះ ព្រមទាំងស្រែកគំរាមថា តាមសម្លាប់ចោលទាំងអស់ ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានយកទៅកាន់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី៕