(កណ្តាល)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ លោក ណុប រត្ន័និមល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារយុវជនគណៈពង្រឹងស្រុកកណ្តាលស្ទឹង និងក្រុមការងារតំណាងលោក ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង បានរៀបចំពិធីប្រឡងសាកល្បងមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្ថិតក្នុងភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ដើម្បីត្រៀមលក្ខណៈទៅប្រឡងពិតប្រាកដថ្នាក់ជាតិខាងមុខនេះ។

ការប្រឡងសាកល្បងនេះ មានការឯកភាពពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល និងចូលរួមសហការណ៍ដោយគណៈអភិបាលស្រុក ការិយាល័យអប់រំស្រុក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ដែលមកពី៣ វិទ្យាល័យ រួមមាន៖ វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ពោធិ័អណ្តែត ដើមឬស, វិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត, និងវិទ្យាល័យ ព្រែកស្លែង ដែលមានសិស្សានុសិស្សសរុប ៥០២នាក់។ ពេលវេលាប្រឡងសាកគឺថ្ងៃទី១០ និងមួយព្រឹកទៀត នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

តាមការលើកឡើងរបស់លោក ណុប រត្ន័និមល បានឲ្យដឹងថា ដោយអនុវត្តន៍ និងគោរពតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងដោយមានការចង្អុលបង្ហាញ ពីសំណាក់លោក ហ៊ីង ប៊ុនហៀង ការរៀបចំប្រឡងសាកល្បងនេះក្នុង គោលបំណងដើម្បីចូលរួមចំណែកក្នុងការពង្រឹងគុណភាពវិស័យអប់រំ ជាមួយក្រសួងអប់រំ យុវជននិងកីឡា ពិសេសដើម្បីពង្រឹង និងបណ្តុះចំណេះដឹងជូនសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ឲ្យទទួលបាននូវបទពិសោធន៍ និងស្វែងយល់ពីចំណុចខ្សោយ ខ្លាំង ដើម្បីតៀមលក្ខណៈទៅប្រឡងពិតប្រាកដ មធ្យមសិក្សាទុតិយភូមិ ថ្នាក់ជាតិ នាពេលខាងមុខនេះ។

លោកបន្តថា សកម្មភាពនេះ ក៏ដើម្បីបណ្តុះនូវចំណេះដឹងជូនសិស្សានុសិស្ស ឲ្យមានសមត្ថភាពចំណេះដឹងពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ៕