(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យសេរីរបស់លោក ស៊ីន ហ៊្សូអាបេ នាយករដ្ឋមន្រ្តីជប៉ុន បានសម្តែងការអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។
ការអបអរសាទរនេះបានធ្វើឡើងតាមរយៈលិខិតរបស់លោក តូស៊ីរ៉ូ នីកៃ អគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យសេរី និងជាសមាជិកតំណាងរាស្រ្តជប៉ុន។ លិខិតអបអរសាទរនេះត្រូវបានលោក Masahiro Imamura សមាជិកសភាជប៉ុន យកប្រគល់ជូនដល់ផ្ទាល់ដៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពេលចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ។
ក្នុងលិខិតអបអរសាទរបស់លោក តូស៊ីរ៉ូ នីកៃ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមអបអរសាទរអស់ពីដួងចិត្តចំពោះសម្តេចតេជោ ក្នុងឱកាសដែលគណបក្សរបស់ សម្តេចបានទទួលជួយជម្នះដ៏លើសលុបនៅក្នុងការបោះឆ្នោតជាសាកល។ ខ្ញុំសូមសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលបានធ្វើឲ្យប្រទេសកម្ពុជាអាចឆ្លងចាកផុតពីដំណាក់កាលដ៏សែនអកុសលនៃសង្គ្រាម ហើយនិងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់ការកសាងឡើងវិញ និងវិបុលភាព»។
ជាមួយការអបអរសាទរនេះ គណបក្សដែលកំពុងដឹកនាំរាជរដ្ឋាភិបាលជប៉ុន ក៏បានអះអាងផងដែរថា នឹងធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីកសាងទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត។
សូមបញ្ជាក់ការសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាជោគជ័យនៃដំណើរការបោះឆ្នោតនៅកម្ពុជាត្រូវបានធ្លាក់ជា បន្តបន្ទាប់ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ។ ក្រៅពីគណបក្សរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនទៅ គេក៏ឃើញមានប្រទេសចិន រុស្ស៊ី ឥណ្ឌា ហ្វីលីពីន ថៃ ឡាវ និងវៀតណាមជាដើម សុទ្ធតែបានសម្តែងការគាំទ្រ ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ក៏ដូចជាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា៕