(ស្ទឹងត្រែង)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ជូ សារុន នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បាននាំអំណោយរបស់កងរាជអាវុធហត្ថ ជូនគ្រួសារក្រីក្រ និងធ្លាក់ខ្លួនឈឺជាទម្ងន់៤គ្រួសារ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

ការយកអំណោយប្រគល់ជូនប្រជាពលរដ្ឋរបស់ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី និងលោកឧត្តមសេនីយ៍ត្រី ជូ សារុន បានធ្វើឡើង​​តាមការណែនាំ និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្ដីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមិនមើលរំលងប្រជាពលរដ្ឋណាម្នាក់នោះទេ ហើយក៏មិនបណ្ដោយឲ្យពលរដ្ឋណា ជួបការលំបាកដែរ គឺត្រូវតែយកចិត្តទុកដាក់ទាំងអស់។

ពិធីនៅព្រឹកមិញនេះ ​ក៏មានការចូលរួមពី​ប្រធានមន្ទីរសុខាភិបាល, ប្រធានមន្ទីរពេទ្យបង្អែក និងមន្ត្រីកងរាជអាវុធហត្ថព្រមទាំងមន្ត្រីពេទ្យ ជាច្រើនរូបទៀត។

ថ្លែងប្រាប់អង្គភាព Fresh News លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី​ បានបញ្ជាក់ថា គ្រួសារអ្នក​ជំងឺ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា​ ចំនួន៥០ម៉ឺនរៀល, អង្ករមួយបេ, ទឹកត្រីមួយយួរ, ទឹកស៉ីអ៉ីវមួយយួ, មីមួយកេស និងទឹកបរិសុទ្ធមួយកេស។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី និងលោកឧត្តមសេនីយ៍ត្រី ជូ សារុន ក៏បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់មើលថែអ្នកជំងឺ មិនថាអ្នកជំងឺជាអ្នកមាន ឬអ្នកក្រក្សត់នោះទេ គឺត្រូវយកចិត្តទុកដាក់ទាំងអស់ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយអ្វីនោះឡើយ៕​