(ភ្នំពេញ)៖ ដោយអនុវត្តតាមមាគ៌ាដឹកនាំប្រកបដោយគុណធម៌​របស់ ​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​​កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលជានិច្ចកាល​តែងលើកទឹកចិត្តដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់នៅក្រោម ការទទួលខុសត្រូវរបស់លោក ​ឲ្យមានស្មារតីម្ចាស់ការ ក្នុងការដឹកនាំកសាងអង្គភាព និងគ្រប់គ្រងសតិអារម្មណ៍​នាយទាហាន នាយទាហានរង និងពលទាហានរបស់ខ្លួន ដោយស្មារតីយកចិត្ត ទុកដាក់ខ្ពស់បំផុត និងតាមដាន​ពីសុខទុក្ខរបស់ពួកគេក៏ដូចជាក្រុមគ្រួសារ ធ្វើយ៉ាងណាកុំឲ្យពួកគេធ្លាក់ខ្លួនទៅក្នុងស្ថានភាពលំបាកវេទនា។

ជាក់ស្ដែងនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ​កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ​មន្ត្រីក្រោមឱវាទរបស់ខ្លួនជាច្រើនរូប នាំយកថវិកាសប្បុរស​របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន​៥ពាន់ដុល្លារ រួមជាមួយទឹកក្រូចទឹកសុទ្ធ ទៅសួរសុខទុក្ខ និងប្រគល់ជូន​មិត្តរួមការងារម្នាក់ គឺលោក​វរសេនីយ៍ត្រី ឃ្លោក ចាន់ដារ៉ា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដែលទើបតែត្រឡប់មកពីទទួលការវះកាត់ ព្យាបាលជំងឺធ្ងន់ធ្ងរ នៅប្រទេសឥណ្ឌា។​

ស្ថិតក្នុងអាការៈយកចិត្តដាក់​ និងព្រួយបារម្ភ ម្នាក់ៗត្រឡប់ជាមានចិត្តរីករាយត្រេកអរ​ពេលដែលបានឃើញ ទឹកមុខ និងស្ថានភាពអ្នកជំងឺ បានស្រស់ស្រាយសប្បាយចិត្ត ព្រោះតែគាត់រំភើបពេលឃើញ លោក​ឧត្តមសេនីយ៍ឯក​ រ័ត្ន ស្រ៊ាង ក៏ដូចជាមិត្តរួមការងារ បានចុះមកសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងភ្ជាប់មកជាមួយ​ថវិកា គ្រួសារអាវុធហត្ថ​ដែលបានប្រមែប្រមូលគៀងគរជួយគ្នា​​​ ជាបន្តបន្ទាប់គ្រប់កាលៈទេសៈ៕