(ភ្នំពេញ)៖ ​ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ដោយបញ្ជាក់ថា ខ្លួននឹងបើកសវនាការជំនុំជម្រះជាសាធារណៈ លើសំណុំរឿងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធការធ្វើយុទ្ធនាការម្រាមដៃស្អាត ក្នុងខេត្ដបាត់ដំបង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ។

បើតាមក្រុមប្រឹក្សាធម្មនុញ្ញ សវនាការជាសាធារណៈនេះ នឹងចាប់ផ្ដើមនៅវេលាម៉ោង០៨៖៣០នាទីព្រឹក នៅអគារ «ស» នៃវិមានរដ្ឋចំការមន ក្រោមអធីបតីភាព លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រឹក្សាជំនុំជម្រះ។

លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងក្រុមប្រឹក្សាធម្មនុញ្ញ និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកនេះដែរថា ក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីបានទទួលពាក្យបណ្ដឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ បានចាត់មន្ដ្រីជំនាញចុះធ្វើការស៊ើបសង្កេត និងស្រាវជ្រាវលើករណីនេះ ដែលពេលនេះកំពុងពិនិត្យក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីដាក់ជូនក្រុមប្រឹក្សាធម្មនុញ្ញដែលជាអង្គជំនុំជម្រះ ដើម្បីពិនិត្យសម្រេចបន្ដទៀត។​

សូមរំលឹកថា ​នៅព្រឹកថ្ងៃទី១០ ខែសីហា ក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលពាក្យបណ្តឹង​ពី លោក​មេធាវី សំ សុគង់ តំណាងឈ្មោះ ជា ជីវ, ឈ្មោះ ថោង សាវឿន និងឈ្មោះ គ្រុយ គឹមតាំង ដែលពួកគេទាំង៣នាក់ ជាសមាជិក​អតីតគណបក្សសង្គ្រោះជាតិ បានប្តឹងតវ៉ានឹងសេចក្តីសម្រេចលេខ ០០៩ គ.ជ.ប​ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ​២០១៨ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅក្នុងខេត្តបាត់ដំបង។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ គ.ជ.ប បានចេញសេចក្តីសម្រេច ដោយកំណត់ឲ្យ​ឈ្មោះ ជា ជាវ ដែលជាអតីតតំណាងរាស្រ្ត របស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវផាកពិន័យ១០លានរៀលដដែល, ឈ្មោះ ថោង សារឿន និង ឈ្មោះ គ្រុយ គឹមសាំង ត្រូវបានបន្ធូរបន្ថយការផាកពិន័យ ពី១០លានរៀល មកនៅត្រឹម៥លានរៀល និងចំណែកឈ្មោះ ម៉ាង ឈុន និងឈ្មោះ ពៅ តាំង ត្រូវបានលើកលែងការផាកពិន័យ។

ទោះជាយ៉ាងណា បើតាម​លោក សោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ការសម្រេចនេះ គឺដោះស្រាយតែបណ្តឹងពាក់ព័ន្ធនឹងតួនាទីរបស់ គ.ជ.ប ប៉ុណ្ណោះ ប៉ុន្តែចំពោះសំណុំរឿងព្រហ្មទណ្ឌផ្សេងទៀត សម្រាប់បុគ្គលទាំងនោះ មិនមែនជាតួនាទីរបស់ គ.ជ.ប ទេ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា បានសម្រេចធ្វើការផាកពិន័យជាទឹកប្រាក់ ចំពោះសមាជិកអតីតគណបក្សប្រឆាំង ចំនួន៥នាក់ខាងលើនេះ ក្នុងម្នាក់ៗចំនួន១០លានរៀល ពាក់ព័ន្ធការធ្វើយុទ្ធនាការម្រាមដៃស្អាត ដែលបំផុសបំផុសដោយ លោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ៕