(ស្វាយរៀង)៖​ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ប្រធានគណៈកម្មាធិការគណបក្ស ក្រសួងធម្មការ និងសាសនា និងក្រុមការងារចុះជួយ​ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូពេទ្យ​ និងប្រគល់សម្ភារ បរិក្ខារពេទ្យមួយ​ចំនួនដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក។

​ស្ថិតក្នុងឱកាសនោះ​ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម ​បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមើលឃើញអំពីផលលំបាករបស់បងប្អូន យ៉ាងពិតប្រាដក ជាក់ស្តែងនៅពេលនេះ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា បាននាំយកនូវសម្ភារ និងបរិក្ខារពេទ្យមួយចំនួន មកប្រគល់ដល់មន្ទីរ​ដើម្បីពិនិត្យ និងព្យាបាលជូន​ប្រជាពលរដ្ឋ​ដោយមិនគិតអំពីនិនា្នការនយោបាយ ឬ​បក្សណាមួយឡើយ។

លោកប្រធានក្រុមការងារ ក៏បាន​នាំនូវមតិថ្លែងអំណរអរគុណរបស់​សម្តេច​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តស្វាយរៀង ដែលស្រឡាញ់ និងទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសសម្រាប់នីតិកាលទី៦ នឹងអាណត្តិបន្តៗ​ទៀត មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕