(ភ្នំពេញ)៖ តំណាងឲ្យលោក ជា ពិសី អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ, គឺលោក ប្រាជ្ញ សីហា សមាជិកអចិន្ត្រៃគណបក្សខណ្ឌចុះជួយសង្កាត់ស្វាយប៉ាក និងមានការរួមដំណើរពីមេភូមិ អនុភូមិស្វាយប៉ាក លោក-លោកស្រីប្រធាន និងអនុប្រធានគណបក្សសង្កាត់ស្វាយប៉ាក និងលោក រស់ គា អនុប្រធានគណបក្សខណ្ឌ នៃរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានចុះជួបថ្លែងអំណរគុណ និងបំពេញបំណងសន្យាជាមួយប្រជាពលរដ្ឋតាមលំនៅដ្ឋាន នៅមុននិងក្រោយពេលបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី០៦ នៃរដ្ឋសភា កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ដែលពួកគាត់បាននាំគ្នាប្រើសិទ្ធិផ្ទាល់ខ្លួន ដើម្បីពង្រឹងលទ្ធិប្រជាធិប្បតេយ្យ ក្នុងការអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជន ឲ្យទទួលបានជ័យជម្នះ គួរជាទីមតនៈបំផុត តាមអនុសាសន៍ដឹកនាំចង្អុលបង្ហាញពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្នុងដំណើរថ្លែងអំណរគុណនេះ លោក ប្រាជ្ញ សីហា បានឆ្លៀតឱកាសអញ្ជើញអស់បងប្អូនប្រជាពលរដ្ឋ នៃសមាជិក សមាជិកា រស់នៅក្នុងភូមិ ដែលបានសន្យាប្ដេជ្ញាចិត្តបន្តបោះឆ្នោត ទាំងអាណត្តិនេះ និងអាណត្តិក្រោយៗទៀតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះជាបន្តទៀត ឲ្យមកពិសារនំបញ្ចុក រួមនិងអាហារផ្សេងៗជុំគ្នា ដើម្បីសម្ដែងពីការរាប់អានឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតផងដែរ។

ចំពោះមុខប្រជាពលរដ្ឋ លោក ប្រាជ្ញ សីហា បានថ្លែងថា «អ្វីដែលខ្ញុំបានសន្យានៅមុនពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតថា ឲ្យតែគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ការសំណូមពររបស់ប្រជាពលរដ្ឋឲ្យជួយដោះស្រាយជាថវិកា ក្នុងការក្រាលចាក់ផ្លូវជាបេតុងនៅក្នុងសាលាសន្សំកុសល (សាលាឆទាន) ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ដើម្បីផ្ដល់ជាផលប្រយោជន៍រួម បម្រើឲ្យផ្នែកព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនោះ គឺត្រូវតែធ្វើឲ្យបាន ក្នុងពេលឆាប់ៗនេះ ព្រោះបងប្អូនបានប្រើសិទ្ធិរបស់ខ្លួននិមួយៗ ដើម្បីពង្រឹងលទ្ធិប្រជាធិប្បតេយ្យ ក្នុងការបំពេញកត្តព្វកិច្ចទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះ គួរជាទីមទនៈបំផុត ដោយបង្ហាញថា ការរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ នៅតែមានបន្តទៅមុខទៀត ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា»

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែបន្ដចុះជួបសំណេះសំណាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទោះបីមិនទាន់បង្កើតរាជរដ្ឋាភិបាលថ្មីក៏ដោយ ដើម្បីឆ្លើយតបនូវការខិតខំរបស់ពលរដ្ឋដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា៕