(ភ្នំពេញ)៖ ទាំងក្រុមប្រឹក្សាធម្មនុញ្ញក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលមួយ ក្នុងការដោះស្រាយវិវាទលើការងារបោះឆ្នោត ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងដូចគ្នាថា ខ្លួនមិនទទួលបានបណ្តឹងពីគណបក្សនយោបាយណាមួយជំទាស់ ទៅនឹងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦បណ្តោះអាសន្ន ដែលប្រកាសកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នោះឡើយ។
តាមរយៈការមិនទទួលបានបណ្តឹងនេះ គឺជាការបើកផ្លូវឲ្យ គ.ជ.ប បន្តនីតិវិធីរបស់ខ្លួនប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ ដូចកាលបរិច្ឆេទបានកំណត់។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ដោយបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ មានប្រជាពលរដ្ឋចេញទៅបោះឆ្នោតចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២ភាគរយ នៃចំនួនប្រជាពលរដ្ឋក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុប ៨,៣៨០,២១៧នាក់។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ជាគណបក្សទទួលបានសំឡេងគាំទ្រច្រើនលើសលប់រហូតដល់ ៤,៨៨៩,១១៣នាក់។
យោងតាមមាត្រា១៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រគ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតអាចប្តឹងតវ៉ាអំពីលទ្ធផលបណ្តោះអាសន្នមួយផ្នែក ឬទាំងអស់នៃការបោះឆ្នោតទៅ គ.ជ.ប ឬ ទៅក្រុមប្រឹក្សាធម្មនុញ្ញដោយផ្ទាល់ក៏បានក្នុងរយៈពេល ៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត។
ក្នុងលិខិតផ្ញើជូនលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានគូសបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមជម្រាបជូនដំណឹងដល់ឯកឧត្តមប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតជ្រាបថា ក្នុងរយៈពេល៧២ម៉ោង បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នតាមរយៈសេចក្តីសម្រេចលេខ ៣៧០ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្រុមប្រឹក្សាធម្មនុញ្ញ ពុំទទួលពាក្យបណ្តឹងតវ៉ាដោយផ្ទាល់ជាលាយលក្ខណ៍អក្សររបស់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតនោះទេ»។
ទន្ទឹមនឹងក្រុមប្រឹក្សាធម្មនុញ្ញប្រកាសពីការមិនទទួលបានពាក្យបណ្តឹង ពីគណបក្សនយោបាយហើយនោះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោក ស៊ិក ប៊ុន ក៏បានធ្វើលិខិតទៅកាន់លោក អ៉ឹម ឈុនលឹម ផងដែរ ដោយជម្រាបថា គ.ជ.ប ទទួលបានពាក្យបណ្តឹងតែមួយគត់ពីគណបក្សយុវជនកម្ពុជា តែបណ្តឹងនោះត្រូវបានដកទៅវិញហើយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ។
តាមរយៈការប្រកាសរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក៏ដូចជា គ.ជ.ប ពីការមិនទទួលបានពាក្យបណ្តឹងនេះ វាជាការបើកផ្លូវឲ្យ គ.ជ.ប បន្តនីតិវិធីរបស់ខ្លួនទៅមុខទៀត។ នីតិវិធីបន្ទាប់របស់ គ.ជ.ប នោះ គឺការប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ជាផ្លូវការនៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ៕