(ភ្នំពេញ)៖ សម្តេចក្រុមព្រះ នរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចតែងតាំងបុត្រច្បងរបស់ព្រះអង្គ១រូប គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីដឹកនាំគណបក្សរាជានិយមមួយនេះ គ្រាដែលព្រះអង្គកំពុងសម្រាកព្យាបាលរបួស។ ជាមួយគ្នានេះ សម្តេចក្រុមព្រះ ក៏តែងតាំង អគ្គលេខាធិការរងម្នាក់ដែលកាន់កាប់ហិរញ្ញវត្ថុបក្ស គឺលោក ពេជ្រ សូដេថ្ថា ឱ្យធ្វើជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ
លោក សាយ ហាក់ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជានាយកខុទ្ទការល័យសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្ហាញការគាំទ្រ និងពេញចិត្តចំពោះការសម្រេចនេះ។ លោកអះអាងថា ព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ និងលោក ពេជ្រ សូដេថ្ថា គឺជាមនុស្សល្អ និងមានសមត្ថភាពខ្ពស់។
លោកបានបន្តថា ក្នុងនាមលោក ជាអនុប្រធានគណបក្ស និងនាយកខុទ្ទការល័យសម្តេចក្រុមព្រះផងនោះ លោកសូមអប់អរសាទនិងគោរពតាមរាល់សេចក្តីសម្រេចរបស់ព្រះអង្គម្ចាស់នរោត្តម រណ ឫទ្ធិ ថែមទាំង កមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ប្រធានស្តីទីគណបក្សនេះ នឹងធ្វើឲ្យគណបក្សហ៊្វុនស៊ិនប៉ិច មានការគាំទ្រច្រើនឡើងវិញពីសំណាក់ប្រជាពលរដ្ឋផងដែរ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បច្ចុប្បន្នមានព្រះជន្មាយុជាង៤០ព្រះវស្សា ជាបុត្រច្បងរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រិយ៍ម៉ារី រណឫទ្ធិ។ ព្រះអង្គមិនទាន់រៀបអភិសេកនៅឡើយទេ ហើយបានបញ្ចប់បរិញាប័ត្រជាបណ្ឌិតវិស្វករនៅប្រទេសបារាំង។ ក្រៅពីនោះព្រះអង្គ ក៏មានការយល់ដឹងច្រើនផងដែរ អំពីកិច្ចការនយោបាយ របស់ព្រះបិតា។
ការតែងតាំងប្រធានស្តីទីនេះ ត្រូវបានគេរំពឹងថា នឹងជួយទាក់ទាញកម្លាំងយុវជន មកគាំទ្រគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលភាគច្រើនមានសមាជិកចាស់ៗ ព្រមទាំងលើកទឹកចិត្តយុវជនឱ្យចូលរួមក្នុងកិច្ចការនយោបាយផងដែរ។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានរងរបួសយ៉ាងដំណំក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្តាលមកពីរថយន្តតាក់ស៊ី ជែងរថយន្តផ្សេងទៀត ហើយជ្រុលមកបុកក្បួនព្រះទីនាំងរបស់ព្រះអង្គ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព រួមទាំងអ្នករួមដំណើរមួយចំនួនទៀតរងរបួស។ ចំណែកសម្តេចក្រុមព្រះ ត្រូវបានបញ្ជូនទៅព្យាបាល នៅក្រៅប្រទេសរហូតមក។
គិតរហូតមកដល់ពេលនេះ ព្រះសុខភាពពិតប្រាកដរបស់សម្តេចក្រុមព្រះ ដែលមានព្រះជន្ម៧៤ព្រះវស្សា នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈដែលមន្រ្តីគណបក្សហ៊្វុនស៊ិនប៉ិច បាននិយាយថា ព្រះសុខភាពរបស់ព្រះអង្គ មានភាពប្រសើរជាងមុនបន្តិចហើយ។ ប៉ុន្តែទោះជាយ៉ាងណា កាលពីមុនបោះឆ្នោត គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញសេចក្តីប្រកាសថា ព្រះអង្គនឹងយាងចូលរួមបោះឆ្នោតនៅកម្ពុជា ប៉ុន្តែជាក់ស្តែងព្រះអង្គមិនបានយាងមកបោះឆ្នោត តាមការប្រកាសទេ៕