(ភ្នំពេញ)៖ ថ្លែងនៅមុខក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោកស្រី ក្លូអេ ឡាពែរ័ (Chloe Lapeyre) ប្រធានគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែសីហាខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធ System ប្រភេទថ្មី ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ចេញ-ចូល នៅក្នុងព្រលានយន្តហោះ ជាពិសេសដើម្បីកាត់បន្ថយការកក់ស្ទុះចរាចរណ៍ នៅមុខព្រលានយន្តហោះតែម្តង។
អ្នកស្រី Chloe Lapeyre បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបថា System ចាស់របស់យើងគេលេងប្រើហើយ ទាក់ទងការថែទាំពិបាកថែទាំ ព្រោះវាជាប្រព័ន្ធចាស់។ ឥឡូវយើងក៏សិក្សាដាក់ដេញថ្លៃយកប្រព័ន្ធថ្មីដ៏សំខាន់បំផុត ដែលមាន៣ចំណុចសំខាន់រួមមាន៖ ល្បឿន, សុវត្ថិភាព និងភាពបត់បែន»។
លោកស្រីបានបន្តថា ការដាក់ឱ្យដំណើរការនូវប្រព័ន្ធ System ប្រភេទថ្មីនេះ នឹងផ្តល់ភាពងាយដល់ស្រួល ក្នុងការធ្វើចរាចរណ៍ចេញ និងចូល នៅក្នុងព្រលានយន្តហោះ រហូតដល់ទៅ៣ដង នេះគឺចង់សំដៅទៅដល់រថយន្តដែលបានចរាចរណ៍ នៅក្នុងព្រលានយន្តហោះ អាចចេញ-ចូល បានឆាប់រហ័សជាងមុន និងដើម្បីកាត់បន្ថយការកក់ស្ទុះចរាចរណ៍ ជាពិសេសប្រព័ន្ធ System ថ្មីនេះ មានប្រព័ន្ធសុវត្ថិភាពខ្ពស់លើការគ្រប់គ្រងថវិកា ដោយតម្រូវឱ្យអ្នកចេញ-ចូល ត្រូវបង់ថវិកាតាមរយៈម៉ាស៊ីនប្រភេទថ្មីនេះ មានភាពងាយស្រួលជាងមុន។
ទទ្ទឹមនឹងនេះប្រព័ន្ធ System ប្រភេទថ្មី មានភាពបត់បែនឆាប់រហ័ស ទៅតាមចំនួនមនុស្ស និងយានយន្តជាក់ស្តែង ដែលកំពុងតែធ្វើចរាចរណ៍ នៅក្នុងព្រលានយន្តហោះនេះផ្ទាល់ តាមរយៈប្រព័ន្ធ System នេះផងដែរ។ ទាំងនេះជាកត្តាមួយដែលធ្វើឱ្យការគ្រប់គ្រងលើដំណើរការចរាចរណ៍ មានភាពប្រសើឡើង និងមានសុវត្ថិភាពខ្ពស់ផងដែរ។
ជាមួយគ្នានេះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកឱ្យដំណើរចំណតម៉ូតូសាធារណៈ និងចំណតតាក់ស៊ី ជាមួយគ្នានេះក្រុមហ៊ុននឹងចាប់ផ្តើមដាក់ឱ្យដំណើរការកាតពណ៌ស្វាយ ដែលមានសារៈសំខាន់ចំនួន០៣សំខាន់ៗ ដែលធ្វើឱ្យរថយន្តអាចចេញចូលបានលឿន ដើម្បីដាក់ភ្ញៀវចុះ, ជាមួយនឹងចំណេញចំនួន១០ភាគរយបន្ថែមទៀត និងអត្ថប្រយោជន៍ច្រើនទៀត ដោយមិនតម្រូវឱ្យអ្នកដែលមានកាតប្រភេទនេះ ចុះទៅបង់ប្រាក់ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យ System ប្រភេទថ្មីនេះ បើកប៉ារ៉ាសទាំងចេញ-ទាំងចូល ដោយស្វ័យប្រវត្តិតែម្តង។
លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្នខាងក្រុមហ៊ុនបានដាក់ឱ្យដំណើរការប្រព័ន្ធ System ប្រភេទថ្មីនេះ នៅតែក្នុងព្រលានយន្តហោះអន្តរជាតិ រាជធានីភ្នំពេញ តែមួយប៉ុណ្ណោះ ដោយសារតែនៅរាជធានីភ្នំពេញ ភាគច្រើននៃចំនួនអ្នកចេញ-ចូល ក្នុងព្រលានយន្តហោះ ពួកគាត់ប្រើប្រាស់រថយន្តផ្ទាល់ខ្លួន រីឯនៅខេត្តសៀមរាប អ្នកចេញ-ចូលភាគច្រើនជាភ្ញៀវទេសចរអន្តរជាតិ ដូច្នេះគឺពួកគាត់ ប្រើប្រាស់នូវការដឹកជញ្ជូនសាធារណៈដូចជា៖ តាក់ស៊ី និងមធ្យោបាយផ្សេងៗទៀតផងដែរ៕