(ភ្នំពេញ)៖ យោងទៅតាមលទ្ធផលបណ្តោះអាសន្នប្រកាស ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពលរដ្ឋខ្មែរ ៨៣.០២% បានចេញទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ២០១៨ ក្នុងចំណោមនោះ អ្នកបោះឆ្នោតចំនួន ៧៧% បានបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដែលបានយក «ការការពារសន្តិភាព និងការអភិវឌ្ឍ» ធ្វើជាប្រធានបទសំខាន់ក្នុងឃោសនារកការគាំទ្រសំឡេងឆ្នោតរបស់ខ្លួន។
ទិន្នន័យ នេះឆ្លុះបញ្ចាំងឱ្យឃើញពីរបត់នយោបាយថ្មីមួយនៅកម្ពុជា ក្រោយពីអង្គការចាត់តាំងនយោបាយរបស់បដិវត្តន៍ពណ៌ត្រូវបានរំលាយ ហើយអ្នកអនុវត្តផែនការនេះត្រូវបាន ចាប់ខ្លួន និងរត់ចោលស្រុក។ របត់នយោបាយថ្មីក៏ព្រោះថា គេអាចមើលឃើញយ៉ាងច្បាស់ពីតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដដែលមនុស្សគ្រប់និន្នាការនយោបាយ ចង់បានជាងគេគឺសុខសន្តិភាព សណ្តាប់ធ្នាប់ល្អក្នុងសង្គម គ្មានការចលាចលក្រោយការបោះឆ្នោតម្តងៗ និងត្រូវធានាថា ការអភិវឌ្ឍប្រទេសត្រូវបន្តទៅមុខជានិច្ចដោយគ្មានការ គំរាមកំហែងពីបាតុកម្ម ឬចលនាប្រជាជនដើម្បីផ្លាស់ប្តូរតាមបែបមិនប្រជាធិបតេយ្យក្រោយការបោះឆ្នោត។
អត្រាដ៏ខ្ពស់នៃអ្នកដែលចេញទៅបោះឆ្នោតនេះ បង្ហាញពីឆន្ទៈរាស្ត្រខ្មែរ ដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍមិនមែនសង្គ្រាមញុះញង់ដោយក្រុមក្បត់ជាតិទេ! តាមរយៈលទ្ធផលនេះក៏បានបង្ហាញថា ការអំពាវនាវរបស់ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា និងក្រុមក្បត់ជាតិរបស់ខ្លួនជាច្រើនខែ គឺគ្មានការចាប់អារម្មណ៍ គ្មានតម្លៃ ហើយពលរដ្ឋខ្មែរមិនជឿតាមការញុះញង់របស់ពួកគេនេះទេព្រោះថា អ្វី ដែល សម រង្ស៊ី និងក្រុមរបស់ពួកគេផ្សាយគឺជាព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំភ្លៃ និងបំផ្លើសខុសពីការពិត។
ទីបំផុតពួកគេបានសាបរលាបឥទ្ធិពល ហើយពលរដ្ឋខ្មែរក៏បានភ្លេចមុខពួកគេ និងមិនចង់ឃើញជនទាំងនេះមានវត្តមាននៅកម្ពុជាទៀតឡើយក៏ព្រោះថា របត់ថ្មីដែលបងប្អូន ពលរដ្ឋរកឃើញ បើគ្មានជន ក្បត់ជាតិ និងជនបំផ្លាញជាតិទាំងអស់នេះ ដំណើរការបោះឆ្នោតប្រព្រឹត្តដូចសព្វមួយដងគឺសេរី ត្រឹមត្រូវ និងយុត្តិធម៌ តម្លាភាព គ្មានការញុះញង់ ឬឡាំប៉ាតវ៉ាលើលទ្ធផលបោះឆ្នោតដើម្បីចរចាអំណាចទៀតទេ។
មុនពេល និងក្រោយពេលបោះឆ្នោត ស្ថានភាពកម្ពុជាមានភាពល្អប្រសើរ ពលរដ្ឋប្រកបរបបរកស៊ីជាធម្ម តា ហើយសេដ្ឋកិច្ចទីផ្សារនៅដើរជាធម្មតា ខុសពីអាណត្តិមុនៗដែលមានវត្តមានសម រង្ស៊ី កឹម សុខា ក្នុង ឆាកនយោបាយកម្ពុជា ពលរដ្ឋខ្មែរគ្មានសន្តិសុខផ្លូវចិត្តឡើយព្រោះពួកគេជាដើមហេតុនៃការញុះញង់។
ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះគឺបានបង្ហាញយ៉ងច្បាស់នូវកម្លាំងគាំទ្រមកលើ អំពើល្អ និងការផ្តល់នូវសេចក្តីទុកចិត្តចំពោះអ្នកសេ្នហាជាតិពិតប្រាកដ។ សម រង្ស៊ី ធ្លាប់បានលើកឡើង និងធ្វើយុទ្ធនាការម្រាមដៃស្អាត ឬដេកផ្ទះ ឈ្នះឯង នៅមុនពេលបោះឆ្នោត រួចហើយថា ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា គឺមានតែជម្រើសពីរប៉ុណ្ណោះ ទី១)អ្នកទៅបោះឆ្នោតគឺគាំទ្រលទ្ធិប្រជាធិបតេយ្យ និងគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន និងទី២) អ្នកមិនទៅបោះឆ្នោតគឺគាំទ្រខ្មោចបក្សសង្គ្រោះជាតិ មិនត្រូវការរបបដឹកនាំបច្ចុប្បន្នដែលសម រង្ស៊ី និងគូកនបានលាបពណ៌សព្វបែបយ៉ាងថាជារបបផ្តាច់ការ ឬជារបបអាយ៉ងវៀតណាម និងប្រមាថសមត្ថភាពមន្ត្រីខ្មែរថា អសមត្ថភាពលើការងារកសាងជាតិ។ ឥឡូវនេះ លទ្ធផលបានចេញហើយ! ៨៣% នៃពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានអញ្ជើញទៅបោះឆ្នោត នោះមានន័យថា ការបោះឆ្នោតដែលសម រង្ស៊ី ព្យាយាមបំផ្លាញ និងទាញយកការបោះឆ្នោតចូលក្នុងការស្ទង់មតិជាតិនេះ បានបែរច្រាស់មករកខ្លួនវិញ។ ពលរដ្ឋខ្មែរច្រើនលើសលប់មិនស្តាប់ការញុះញង់របស់សមរង្ស៊ី និងគូកនក្បត់ជាតិដែលតែងតែខិតខំបំផ្លាញកម្ពុជា ប្រឆាំងផលប្រយោជន៍ប្រជាជននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាទោះនៅក្នុងប្រទេសក្តី នៅក្រៅស្រុកក្តី។ ពលរដ្ឋខ្មែរត្រូវការ សុខសន្តិភាពពិតប្រាកដមួយ។
នៅពេលនេះ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា និងក្រុមរបស់ខ្លួនពិតជាគ្មានវាចានឹងថ្លែង គ្មានយោបល់នឹងនិយាយ ចង់ភូតកុហកក៏ទៅមិនរួចព្រោះពលរដ្ឋខ្មែរបានដឹងពីក្រយ៉ៅពិត របស់ក្រុមទាំងនេះហើយគឺក្បត់ជាតិខ្លួនបម្រើផលប្រយោជន៍បរទេស និងបានបង្កើតព័ត៌មានក្លែងក្លាយដើម្បី បំពុលសង្គម បំភ្លៃឆន្ទៈរាស្ត្រដោយគ្មានអៀនខ្មាស។ ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយពីតួលេខនៃអ្នកចូលរួមបោះឆ្នោត និងបកស្រាយបែបស្រមើស្រម៉ៃថាខ្លួនឈ្នះការបោះ ឆ្នោតដោយយកតួលេខនេះតួលេខនោះមកបូកបញ្ចូលគ្នា។ ប៉ុន្តែភូតច្រើនចាញ់អាត្មា គ្មាននរណាជឿឡើយ ហើយភ័យស្លន់ស្លោរមិនហ៊ាននឹងស្បថជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដាក់ជីវិតឡើយព្រោះពួកគេពិតជាបានកុហកមែន។
តាមពិតមានពលរដ្ឋត្រឹមតែជាង ១៦% ប៉ុណ្ណោះដែលមិនបានទៅបោះឆ្នោត ប៉ុន្តែអ្នកមិនទៅបោះឆ្នោតក៏មិនមែនមានន័យថាសុទ្ធតែជាអ្នកគាំទ្រខ្មោចបក្សសង្គ្រោះជាតិ ឬគាំទ្រ សម រង្ស៊ីឡើយ ប៉ុន្តែ សម រង្សី នឹងគូកនព្យាយាមទាញផលប្រយោជន៍នេះដោយបំប៉ោងថាមានអ្នកមិនទៅបោះឆ្នោតច្រើន។ តាមពិតស្ទីលកុហកនេះវាហួសសម័យទៅហើយ និងមិនអាចញុះញង់ពលរដ្ឋ និងបង្ខំឱ្យពលរដ្ឋជឿបានទេ សូម្បីតែសកម្មជនរបស់ខ្លួនក៏មិនជឿដែរ។ ទិន្នន័យជាក់ស្តែង ៨៣%នៃពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីឆ្នោតចេញទៅបោះឆ្នោតដោយមិនខ្វល់នឹងការអំពាវនាវរបស់សម រង្ស៊ីឡើយ។ ដូច្នេះ ពលរដ្ឋខ្មែរមិនត្រូវការ និងមិនចាំបាច់ស្តាប់សម រង្ស៊ី និងក្រុមជនក្បត់ជាតិទៀតឡើយ ពួកគេក៏គ្មានតម្លៃអ្វីសម្រាប់កម្ពុជាដែរ តែមានតម្លៃសម្រាប់ការអនុវត្តច្បាប់ព្រោះពួកគេជាជនក្បត់ជាតិ និងជាអ្នកបំផ្លាញជាតិ បំផ្លាញប្រជាធិបតេយ្យ។ រង្ស៊ី និងគូកនបានចាញ់ការបោះឆ្នោត ៥ អាណត្តិមកហើយ ហើយចុងក្រោយគឺចាញ់ការស្ទង់មតិដែលខ្លួនបានរៀបចំដោយខ្លួនឯងទៀត។ នេះបានថាចាញ់ចាស់វស្សា និងចាញ់បោសគូថមែន!
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៨