(វ៉ាស៊ីនតោន)៖ បើទោះជាមានការខ្វែងគំនិតគ្នាមួយចំនួនក៏ពិតមែន តែសហរដ្ឋអាមេរិក និងចិននៅតែអាចធ្វើការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាទាំងឡាយ និងកងកសាងអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើតាមការលើកឡើងដោយអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។
អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក ធើរី ប្រ៊ែនស្ទែដ (Terry Branstad) ធ្វើការកត់សម្គាល់ដូចខាងើនេះនៅក្នុងសន្ទរកថាមួយ នាឱកាសចូលរួមក្នុងវេទិកានៅឯរដ្ឋ អ៊ីយ៉ូវ៉ា (Iowa) កាលពីថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក)។ នាឱកាសនោះលោក Branstad បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើទោះបីជាសហរដ្ឋអាមេរិក និងចិន មានការខ្វែងគំនិតលើបញ្ហាមួយចំនួនក៏ពិតមែន ប៉ុន្តែនៅពេលនេះវានៅតែជាឱកាសសម្រាប់ពួកយើង ធ្វើការងាររួមគ្នា... ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងរវាងប្រទេសទាំងពីរ»។
បន្ថែមពីលើនេះ លោក Branstad ក៏បានសង្កត់ធ្ងន់ផងដែរថា បើសិនជាមហាអំណាចសេដ្ឋកិច្ចទាំងពីរអាចធ្វើការងាររួមគ្នា នោះសេដ្ឋកិច្ចនឹងមានកំណើន រីឯសន្តិភាព និងភាពរីកចំរើននឹងកើតមាននៅទូទាំងពិភពលោក។ តែទោះជាយ៉ាងនេះក្ដី ការលើកឡើងបែបនេះ គ្រាន់ជាភាសាការទូត ឬចង់បន្ធូរបន្ថយភាពតានតឹងតែប៉ុណ្ណោះ ដ្បិតទំាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនកំពុងមាន បញ្ហាធំជាច្រើនត្រូវដោះស្រាយក្នុងនោះមានទាំងសង្រ្គាមពាណិជ្ជកម្ម និងបញ្ហាតំបន់សមុទ្រចិនខាងត្បូងជាដើម ខណៈមហាអំណាចទាំងពីរ បាននិងកំពុងពង្រីកឥទ្ធិពលរៀងៗខ្លួននៅលើពិភពលោក៕