(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្តដល់សិស្សឆ្នើម ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសម្រេចផ្តល់អាហាររូបករណ៍ជាច្រើនកន្លែង ដល់សិស្សឆ្នើមទាំងអស់ដែលនឹងទទួលបាននិទ្ទេស A ឬ B។

លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ AUPP បានថ្លែងថា «ការផ្តល់ឱកាសអាហាររូបករណ៍នេះ ជាការបើកច្រកឱ្យសិស្សឆ្នើមនិទ្ទេស A ឬ B ដែលខ្សត់ខ្សោយខាងផ្នែកហរិញ្ញវត្ថុ អាចទទួលបានការអប់រំមួយដ៏ល្អបំផុតសម្រាប់អនាគតរបស់ពួកគាត់ ក្រុមគ្រួសារ និងសង្គមជាតិ»

AUPP ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់ការអប់រំបែបអាមេរិក សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ និស្សិត AUPP នឹងទទួលបានសញ្ញាបត្រពីរ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល។

សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ ក្នុងការទទួលអាហាររូបករណ៍នេះ សូមទំនាក់ទំនងមកកាន់ការិយាល័យផ្តល់ព័ត៌មានរបស់សាកលវិទ្យាល័យ AUPP តាមរយៈទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕