(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងកោតសរសើរ ដល់កងកម្លាំងទាំងអស់ ដែលការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងដំណើរការ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។
ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញមោទនភាពដែលកងកម្លាំងសមត្ថកិច្ចរួមមាន៖ នគរបាល នៃស្នងការដ្ឋាននគរបាលរាជធានី, កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងកម្លាំង នៃកងពលតូចលេខ៧០ បានរួមគ្នាជាមួយអាជ្ញាធរដែនដីខណ្ឌទាំង១២ ដែលបានខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ បានល្អប្រសើរជូនប្រជាពលរដ្ឋ។
លោក ម៉េត មាសភ័ក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំថា សន្តិសុខគឺជាសេចក្តីត្រូវការរួមរបស់ ប្រជាពលរដ្ឋគ្រប់រូប មិនអាចខ្វះបាន អ្នកណាសុទ្ធតែត្រូវការសន្តិសុខទាំងអស់។
លោកបានបញ្ជាក់ទៀតថា «ពិសេសក្នុងអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះទេ និងបានធ្វើឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ ដោយសារតែរដ្ឋបាលរាជធានីរក្សាបានសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានល្អ»។
អ្នកនាំពាក្យបន្តថា លោកអភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ បន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់២៤ម៉ោង លើ២៤ម៉ោង មិនមែនតែការបោះឆ្នោតនោះទេ ក្រោយបោះឆ្នោតក៏នៅបន្តរក្សាការងារនេះ ជូនប្រជាពលរដ្ឋឱ្យបានល្អជាប្រចាំ។
ក្នុងកិច្ចប្រជុំនេះលោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងអំឡុងនៃយុទ្ធនាការឃោសនាបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត នៅរាជធានីភ្នំពេញទាំងមូលមិនមាន អំពើហិង្សាណាកើតឡើងនោះទេ ហើយគណបក្សនយោបាយទាំង២០ ដែលធ្វើសកម្មភាពនៅភ្នំពេញ គឺមានភាពចាស់ទុំផ្នែកនយោបាយ គឺមិនបានប្រើពាក្យសំដី ដែលធ្វើឱ្យប៉ះពាល់ទៅដល់គណបក្សនិមួយៗនោះទេ។
ទោះបីជាសន្តិសុខសណ្តាប់ធ្នាប់ មានភាពរលូនយ៉ាងណាក៏ដោយលោក ឃួង ស្រេង នៅតែណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១២ កម្លាំងនគរបាលស្នងដ្ឋាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ត្រូវតែបន្តពង្រឹកផ្នែកសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរជាប្រចាំ។
លោកអភិបាលខណ្ឌទាំង១២ ត្រូវធ្វើសេចក្តីរាយការមកគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។ ក្នុងកិច្ចប្រជុំនោះដែរ ពាក់ព័ន្ធបញ្ហាការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងរាជធានីភ្នំពេញលោកអភិបាលរាជធានី បានឱ្យបន្តយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់ផ្លូវទាំង១១ខ្សែ ឲ្យម៉ឺងមាត់បន្ថែមទៀត ដាក់កងកម្លាំង និងរថយន្តស្ទូចប្រចាំការដើម្បីស្ទូចរថយន្តណា ដែលមិនគោរពហើយចតអាណាធិបតេយ្យនៅតាមដងផ្លូវទាំង១១ខ្សែនេះ៕