(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាខិតខំកែប្រែកម្មវិធីនយោបាយរបស់គណបក្ស ឲ្យក្លាយទៅជាលទ្ធផលជាក់ស្ដែង ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
ការបង្ហាញសុទិដ្ឋិនិយមយ៉ាងដូច្នេះរបស់លោក សុខ ឥសាន ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផលជាផ្លូវការនៃការបោះឆ្នោត នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។
លោកបានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាអ្នកនាំពាក្យគណបក្សប្រជាជន យើងមានសុទិដ្ឋិនិយមលើការប្ដេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកែប្រែកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឲ្យទៅជាលទ្ធផលជាក់ស្ដែងនៃជ័យជម្នះ ដើម្បីបុព្វហេតុជាតិ និងប្រជាជនរបស់យើង»។
អ្នកនាំពាក្យរូបនេះបានបង្ហាញភាពជឿជាក់ថា គណបក្សប្រជាជនកម្ពុជាមិនមានអ្វីស្ទាក់ស្ទើរឡើយ ពោលគឺមានសុទិដ្ឋិនិយមពេញទីក្នុងការទទួលលទ្ធផលជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី៦ នឹងបង្កើនប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យបន្តរីកចម្រើនទៅមុខ។
លោកបានអះអាងទៀតថា យន្តការដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តនោះ បាននិងកំពុងចេញដំណើរប្រកបដោយភាពរលូន ឧទាហរណ៍ដូចជាយន្តការច្រកចេញ-ចូលតែមួយ យន្តការបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារជាដើម គឺសុទ្ធតែជាយុទ្ធសាស្ត្រកាត់បន្ថយភាពអសកម្មរបស់មន្ត្រីរាជការយ៉ាងមានប្រសិទ្ធភាព។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានថ្លែងដែរថា រាជរដ្ឋាភិបាលអាណត្តិថ្មីខាងមុខនេះ ជាអាណត្តិនៃការខិតខំធ្វើកំណែទម្រង់ទាំងអស់ ដើម្បីធ្វើឲ្យជីវភាពប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋកម្ពុជា។ រីឯមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើការងារឲ្យបានល្អបំផុតសម្រាប់បម្រើប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «យើងទាំងអស់គ្នាត្រូវបន្តការខិតខំ, ឥឡូវនេះ បន្ទុកគណបក្សប្រជាជនកម្ពុជា គឺកាន់តែខ្លាំង កាន់តែច្រើន ព្រោះប្រជាពលរដ្ឋបានផ្តល់នូវជំនឿទុកចិត្ត ចំពោះគណបក្សប្រជាជនកម្ពុជារួចស្រេចទៅហើយ ដូច្នេះរឿងដែលនៅសេសសល់ គឺការខិតខំសម្រាប់ការដោះស្រាយរបស់យើង ការបន្តរបស់យើងនៅក្នុងដំណើរការអភិវឌ្ឍ»។
តាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី៦ នឹងបង្កើតជាផ្លូវការនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខឆាប់ៗនេះ ហើយការបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាលើកដំបូង នឹងធ្វើឡើងនាថ្ងៃទី០៧ ខែកញ្ញា។ ចំណែកឯគោលនយោបាយក្នុងការដឹកនាំរាជរដ្ឋាភិបាលអាណត្តិ ក៏បានរៀបចំរួចរាល់ហើយដែរ គឺសម្តេចតេជោបានបន្តដាក់ចេញគោលនយោបាយចតុកោណដំណាក់កាលទី៤ ដោយមានការសម្រួចមុខព្រួញការអភិវឌ្ឍមួយចំនួន៕