(ភ្នំពេញ)៖ ទាំងលោក ហុង លីម តំណាងរាស្ត្រប្រចាំរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី និងលោក ជុន ចាន់បុត្រ អនុប្រធានគ្រប់គ្រងការផ្សាយជាខេមរៈភាសានៃវិទ្យុអាស៊ី បាននាំគ្នាលើកសរសើរពេញៗមាត់ទៅលើសកម្មភាពរបស់កញ្ញា កឹម មនោវិទ្យា ក្នុងការតស៊ូមតិនៅលើឆាកអន្តរជាតិ តែបែរជារិះគន់ និងវាយប្រហារលើទណ្ឌិត សម រង្ស៊ី ថា ជាមនុស្សអត់បានការធ្វើសកម្មភាពគ្មានប្រយោជន៍។
ការលើកឡើងរបស់លោក ហុង លីម និងលោក ជុន ចាន់បុត្រ បានធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយតាមរយៈវិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។ ការរិះគន់ចំពោះសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី នេះ បានធ្វើឡើងចំពេលដែលអ្នកនយោបាយបាក់ចង្កូមរូបនេះ ហាក់មិនមានសកម្មភាព ឬយុទ្ធសាស្ត្រអ្វីទាំងអស់ ក្នុងការតស៊ូមតិនៅក្រៅប្រទេស។ ដោយឡែកកញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ត្រូវបានគេមើលឃើញថា កំពុងធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីស្វែងរកការគាំទ្រពីប្រទេសជួយដល់ចលនាតស៊ូរបស់ពួកគេ។
ក្នុងបទសម្ភាសន៍នោះ លោក ហុង លីម នៅតែបន្តទាមទារឲ្យទណ្ឌិត សម រង្ស៊ី ត្រូវហ៊ានទទួលស្គាល់ពីភាពកម្សោយរបស់ខ្លួន ហើយចុះចេញពីតំណែងជាមេចលនាតស៊ូប្រគល់តួនាទីឲ្យក្មេងជំនាន់ថ្មីជាអ្នកធ្វើជំនួសវិញ។
លោក ហុង លីម បានលើកឡើងយ៉ាងដូច្នេះ «វាអត់បានសម្រេចទេបើយើងមើលទៅឃើញទាំងអស់ ព្រោះគ្មានលក្ខណៈជាអ្នកដឹកនាំ គ្មានលក្ខណៈជាយុទ្ធសាស្ត្រ គ្មានលក្ខណៈគិតមើលទៅ៣, ៤, ៦, ១០ជំហានទៅមុខទៀត ធ្វើតែដដែលៗនិយាយស្ទើរតែយើងលែងជឿ។ យើងត្រូវមានការផ្លាស់ប្តូរ ព្រោះគ្មាននរណាមួយដែលមាន គុណបំណាច់លើផែនទឹក ផែនដីខ្មែរយើងតែម្នាក់ឯងលើសលប់ទេ នេះជារឿងរបស់យើងទាំងអស់គ្នាដែលត្រូវកែ ធ្វើឲ្យចម្រើន ឲ្យលឿន ឲ្យមានប្រសិទ្ធភាពយ៉ាងមុះមុតបំផុត។ មិនអាចធ្វើដដែលៗទៀត បើការធ្វើដដែលនេះ វាអត់បានផលអីរហូតមកហើយ ហើយយើងត្រូវតែហ៊ានទទួលស្គាល់»។
ទន្ទឹមនឹងការរិះគន់ និងបង្ហាញក្តីអស់សង្ឃឹមចំពោះសកម្មភាបរបស់ទណ្ឌិត សម រង្ស៊ី ហើយនោះ លោក ហុង លីម បានសរសើរកប់ៗមាត់ទៅលើសកម្មភាពរបស់កញ្ញា កឹម មនោវិទ្យា។ លោក ហុង លីម បានលើកឡើងថា ក្នុងពេលធ្វើការនៅក្នុងប្រទេសអូស្ត្រាលីជាមួយរូបលោក លោកបានមើលឃើញពីស្វាហាប់ និងភាពប៉ិនប្រសព្វរបស់កញ្ញា កឹម មនោវិទ្យា ធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិគេស្តាប់ និងទទួលយកនូវអ្វីដែលកញ្ញាបានលើកឡើង។
មិនត្រឹមតែលោក ហុង លីម នោះទេ សូម្បីតែលោក ជុន ចាន់បុត្រ ក៏បានសរសើរពីការប៉ុនប្រសព្វរបស់កញ្ញា កឹម មនោវិទ្យា ក្នុងសកម្មភាពស្វែងរកការគាំទ្រពីបរទេសផងដែរ តែមិនបានលើកសរសើរពីទណ្ឌិត សម រង្ស៊ី នោះឡើយ។
ភាពកម្សោយក្នុងការដឹកនាំ និងការគ្មានយុទ្ធសាស្រ្តរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការស្វែងរកការគាំទ្រពីបរទេសនេះ មិនត្រឹមតែធ្វើឲ្យលោក ហុង លីម សម្តែងការអស់សង្ឃឹម និងអស់ជំនឿនោះទេ សូម្បីអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិជាច្រើនទៀត ក៏សុទ្ធតែសង្ឃឹម និងលែងមានជំនឿចិត្តចំពោះទណ្ឌិត សម រង្ស៊ី ផងដែរ។
បើទោះបីអ្នកក្រៅប្រទេសជាច្រើនអស់ជំនឿលើទណ្ឌិត សម រង្ស៊ី ហើយបង្វែការចាប់អារម្មណ៍មកលើកញ្ញា កឹម មនោវិទ្យា យ៉ាងណាក្តី តែគេក៏ឃើញអ្នកស្ម័គ្រស្មោះរបស់ទណ្ឌិត សម រង្ស៊ី មួយចំនួននៅតែបន្តឱបក្រសោបលើកជើងអ្នកនយោបាយបរាជ័យរូបនេះដដែល។
ទស្សនៈផ្ទុយគ្នារវាងអ្នកគាំទ្រទណ្ឌិត សម រង្ស៊ី និងអ្នកមិនគាំទ្រនេះ បានផ្ទុះជាវិវាទ និងសង្រ្គាមពាក្យសម្តីយ៉ាងស្រួចស្រាវផងដែរ៕