(ភ្នំពេញ)៖ បន្ទាប់ពីនាយករដ្ឋមន្ដ្រីឡាវ លោក ថង លូនស៊ីសូលីត បានផ្ញើសារលិខិតអបអរសាទរចំពោះការបោះឆ្នោតនៅកម្ពុជានោះ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ ឯកអគ្គរដ្ឋទូតឡាវផុតអាណត្តិលោក Brasith Sayasith ក្នុងឱកាសចូលជួបជម្រាបលាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានសាទរចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦នេះផងដែរ។
លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបនេះថា ក្រៅពីការអបអរសាទរ ឯកអគ្គរដ្ឋទូតឡាវ ដែលបានធ្វើជាអ្នកសង្កេតការណ៍ផងដែរ លោកបានសង្កេតឃើញថាការបោះឆ្នោតនោះ មានតម្លាភាព និងការរៀបចំល្អយ៉ាងល្អប្រសើរ។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានគោរពសម្តែងនូវការសោកស្តាយ ចំពោះអ្វីដែលបានកើតឡើង លើប្រជាជនកម្ពុជា ដែលជួបគ្រោះទឹកជំនន់ ដោយសារបាក់ទំនប់វារីអគ្គីសនី នៅប្រទេសឡាវ ហើយលោកក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានបរិច្ចាគប្រាក់ជំនួយដល់ឡាវ ពាក់ព័ន្ធនឹងគ្រោះមហន្តរាយថ្នាក់ជាតិ នៅឡាវកន្លងមកនេះ។
បន្ថែមពីនេះ លោក Brasith Sayasith បានជម្រាបជូនពីបេសកកម្មរបស់លោក ក្នុងរយៈពេល៤ឆ្នាំ២ខែ នៅកម្ពុជា ដោយលោកបានឃើញ នូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជា យ៉ាងឆាប់រហ័សជាទីបំផុត ប្រជាជនមានជីវភាពរស់នៅយ៉ាងល្អ និងមានការរីកចម្រើន ហើយការអភិវឌ្ឍទៀតសោត គឺមានការលេចធ្លោរតែម្តង។ លោកក៏បានជម្រាបជូន សម្តេចផងដែរ អំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កន្លងមកនេះ មានការកើនឡើងពី១០លានដុល្លារ ទៅ២៤លានដុល្លារអាមេរិក នៅឆ្នាំ២០១៨នេះ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរ ចំពោះឯកអគ្គរដ្ឋទូត ដែលបានចូលរួមពង្រឹង និងពង្រីកចំណងមិត្តិភាព រវាងកម្ពុជា-ឡាវ និងជំរុញទំហំសេដ្ឋកិច្ចរវាងប្រទេសពីរផង។ សម្តេចក៏បានសោកស្តាយ និងមរណៈទុក្ខ ចំពោះក្រុមគ្រួសារជនរងគ្រោះ ប្រជាជនឡាវ ដែលបានជួបនូវគ្រោះទឹកជំនន់កន្លងមកនេះ។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណផងដែរ ចំពោះលោក Brasith Sayasith ដែលបានអបអរសារទរ ចំពោះលទ្ធផល នៃការបោះឆ្នោត និងបានចូលរួមសង្កេតការណ៍ ក្នុងដំណើរការបោះឆ្នោតកន្លងទៅនេះ។ សម្តេចបានបន្ថែមថា ទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ គឺមានការកើនឡើងទ្វេរដង ប៉ុន្តែយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មនេះ មិនទាន់មានការសមស្របទៅនឹង សក្តានុពល ដែលប្រទេសទាំងពីរមាននោះឡើយ ដូច្នេះសម្តេចបានស្នើសុំ ឲ្យមានការប្រឹងប្រែងបន្ថែមទៀត ចំពោះកិច្ចការនេះ៕