(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងថាក្រសួងអប់រំធ្វើកំណែទម្រង់រឹតបន្តឹងតែការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបនោះ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ បានអះអាងថា ការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជានេះ បានធ្វើតាំងពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ឧត្តម មិនមែនធ្វើតែពេលប្រឡងបាក់ឌុបនោះឡើយ។

ថ្លែងក្នុងពេលអញ្ជើញបើកវិញ្ញាសាប្រលងនៅមណ្ឌលប្រលងវិទ្យាល័យព្រះស៊ីសុវត្ថិនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ លោក ហង់ ជួនណារ៉ុន បានថ្លែងបញ្ជាក់ដូច្នេះថា «ការកំណែទម្រង់ប្រលង (បាក់ឌុប)នេះ ធ្វើឲ្យសាធារណជនគាត់ដឹងជាងគេ ដោយសារតែជាព្រឹត្តិការណ៍មួយធំប្រចាំឆ្នាំ តែតាមពិតក្រសួងបានរៀបចំការងារនេះ មិនមែនតែពីនេះទេ គឺពីមតេ្តយ្យមក។ យើងបានដាក់ចេញជាគោលនយោបាយពីមតេ្តយ្យសិក្សាមក ប៉ុន្តែដោយសារតែកំណែទម្រង់អស់នោះ វាមិនបានប៉ះខ្លាំងលើសិស្ស ហើយក៏មិនមានរៀបចំជាសិក្ខាសាលា អ៊ីចឹងមហាជនអត់ដឹងទេ»

លោករដ្ឋមន្ត្រី បានបន្តថា «តាមពិតយើងដាក់ចេញគោលនយោបាយកំណែទម្រងពីមត្តេយ្យមក គឺតាំងពីផ្តល់តាំងពីកំណែលម្អវិធីសាស្ត្របង្រៀន ពង្រឹងការគ្រប់គ្រងនៅតាមសាលារៀន នៅតាមមតេ្តយ្យសិក្សា ហើយបន្ទាប់មក គឺការការលម្អ វិធីសាស្ត្របង្រៀន ថ្នាក់ទី១ ទី២ ទី៣។ អ៊ីចឹងក្នុងរយៈពេល ៥ឆ្នាំនេះ យើងបានរៀបចំសៀវភៅស្តង់ដារអំណាន បានរៀបចំជាវិធីសាស្ត្របង្រៀន វិធីសាស្ត្រអាន នៅក្នុងថ្នាក់រៀន និងបង្រៀនអាននៅក្នុងបណ្ណាល័យ ការបង្រៀនវិទ្យាសាស្ត្រ និងគណិតវិទ្យាដំបូង យើងហៅថាអំណានដំបូង និងគណិតរៀនដំបូងជាដើម»

បើតាមលោក ហង់ ជួនណារ៉ុន ក្រសួងអប់រំបានពិនិត្យឡើងវិញ ក្នុងវិធីសិក្សាគ្រប់កម្រិត តាំងពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ ហើយក្រសួងក៏បានពិនិត្យឡើងវិញនូវសៀវភៅគោលសិក្សា ការពិនិត្យឡើងវិញនូវវិធីសាស្ត្របង្រៀន ហើយកំណែទម្រង់នេះគឺពាក់ព័ន្ធនឹងការបណ្តុះបណ្តាលគ្រូបង្រៀន។ ក្រៅពីនេះ មានការបណ្តុះបណ្តាលនៅតាមសាលាគរុកោសល្យ ការបំប៉នបន្ថែម ការធ្វើវិក្រឹត្តិការណ៍គ្រូបង្រៀន ការកែលម្អ ការគ្រប់គ្រងតាមសាលារៀន ដែលជាអាទិភាពសម្រាប់ឆ្នាំកន្លងទៅក៏ដូចជា ៥ឆ្នាំទៅខាងមុខទៀត ផងដែរ។

ក្រៅពីការពិនិត្យឡើងវិញក្នុងកម្មវិធីសិក្សា ក្រសួងអប់រំក៏បានធ្វើអធិការកិច្ចតាមសាលារៀន ដែលផ្តោតទៅលើសមាសភាព ៤សំខាន់ៗ រួមមាន៖ ១. ការដឹកនាំ និងការគ្រប់គ្រងរបស់នាយកសាលា, ទី២. ការរៀន និងការបង្រៀន, ទី៣. ការកែលម្អឡើងវិញលទ្ធផលសិក្សារបស់សិស្ស, និងទី៤. ការចូលរួមរបស់​មាតាបិតា និងសហគមន៍ ក្នុងការគ្រប់គ្រងសាលារៀន។

លោក ហង់ ជួនណារ៉ុន ក៏បានឲ្យដឹងដែរថា ចំណុចទី៣ធំ នៃកំណែទម្រង់របស់ក្រសួងអប់រំ គឺការធ្វើរង្វាយតម្លៃសិក្សារបស់សិស្ស ដែលផ្តោតទៅលើចំណេះដឹងរបស់សិស្ស ខាងផ្នែកអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ក៏ដូចជាវិទ្យាសាស្ត្រ ហើយចំណុចទី៤ ការពិនិត្យឡើងវិញ លើកម្មវិធីសិក្សាដើម្បីធ្វើយ៉ាងម៉េច ឲ្យប្រទេសកម្ពុជា មានកម្មវិធីសិក្សាមួយប្រហាក់ប្រហែល ទៅនឹងប្រទេសក្នុងតំបន់។ ដើម្បីអនុវត្តន៍ការងារនេះ ក្រសួងក៏បានសម្រេចយកកម្មវិធីសិក្សា ដូចនឹងប្រទេសសឹង្ហបូរី។

លោក ហង់ ជួនណារ៉ុន បានបន្ថែមថា ក្រសួងចង់បង្រៀនសិស្សតាមស្តង់ដារប្រទេសសិង្ហបុរី ដោយមិនត្រឹមតែឲ្យសិស្សទន្ទេញចាំមាត់ទេ តែចង់ឲ្យសិស្សចេះត្រិះរិះពិចារណា ចេះដោះស្រាយបញ្ហា ចេះធ្វើការងារជាក្រុម ហើយឲ្យសិស្សអាចចូលរួមចំណែក ឲ្យចេះទាំងចំណេះដឹង ក៏ដូចជាបំណិនទុក ហើយបន្ទាប់មកទើបធ្វើកំណែទម្រង់ថ្នាក់ឧត្តម។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្តថា «អ៊ីចឹងយើងឃើញថា ថ្វីដ្បិតតែយើងមានកំណែទម្រង់មួយ ដែលគ្រប់ជ្រុងជ្រោយ ក៏ប៉ុន្តែសាធារណជន អត់ដឹងពីកំណែទម្រង់ហ្នឹង គាត់ដឹងតែការប្រឡងទេ​»