(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងបង្ហាញខ្លួនជាលើកដំបូង ក្នុងនាមមេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងវេទិកា​ពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល ​និងគណបក្សនយោបាយនានា តាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ។ ចំណែកលោក ពេជ្រ សូដេថ្ថា អគ្គលេខាធិការគណបក្សនេះក៏ចូលរួមដែរ។ នេះបើតាមការបញ្ជាក់របស់លោក ណុប សុធារិទ្ធិ ជាអ្នកនាំពាក្យថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាព្រះរាជបុត្រច្បងរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ជាមួយម្ចាស់ក្សត្រិយ៍​ម៉ារី រណឫទ្ធិ ត្រូវបានព្រះបិតាព្រះអង្គ គឺសម្តេចក្រុមព្រះនរោត្តម រណរទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច សម្រេចតែងតាំងឱ្យធ្វើជាប្រធានស្តីទី នៃគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។ ក្រៅពីការតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី សម្តេចក្រុមព្រះក៏តែងតាំងអគ្គលេខាធិការរងម្នាក់ ដែលកាន់កាប់ហិរញ្ញវត្ថុបក្ស គឺលោក ពេជ្រ សូដេថ្ថា ឱ្យធ្វើជាអគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ។

លោក ណុប សុធារិទ្ធិ អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា «នៅថ្ងៃស្អែកព្រះប្រធានស្តីទីគណបក្ស និងឯកឧត្តមអគ្គលេខាធិការថ្មី របស់គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងចូលរួមសន្ទនា ជាមួយគណបក្សប្រជាជន»។ លោកបានបន្តថា សម្រាប់តួនាទីនៅក្នុងរាជរដ្ឋាភិបាល ដែលគណបក្សប្រជាជនកម្ពុជា ប្រគល់គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទទួលយកព្រោះគណបក្សទាំងជាដៃគូជាមួយគ្នាតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។

សូមជម្រាបថា នាថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងចាំផ្ទះ​ដើម្បីត្រៀមចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី បានប្រកាសបង្កើតវេទិកាសំណេះសំណាលមួយ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះយកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

បើតាមសម្តេចតេជោ ហ៊ុន សែន, ការបង្កើតវេទិកានេះឡើង ដើម្បីផ្តល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង ការបោះឆ្នោតហើយ មិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ៕