(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានដាក់ចំណាត់ការ និងបញ្ជាទៅកាន់ ស្នងការនគរបាលរាជធានី-ខេត្តទាំង២៥ បន្ដតាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន កុំឲ្យកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធសកម្មភាពចែកខិតប័ណ្ណបម្រើសេវាផ្លូវភេទ ដូចដែលបានកើតឡើងនាពេលកន្លងទៅថ្មីៗនេះ នៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

កាលពីប៉ុន្មានថ្ងៃមុន ជនជាតិចិន បានធ្វើសកម្មភាពដើរចែកខិតប័ណ្ណ នៅតាមទីសាធារណៈ នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ពាក់ព័ន្ធការផ្ដល់សេវាផ្លូវភេទ ដែលមានរូបស្ដ្រីស្លៀកពាក់សិចស៊ី អមដោយអក្សរចិន និងអក្សរអង់គ្លេស ដើរចែកចាយព្រោងព្រាត ដែលដំបូងឡើយកើតឡើង នៅទឹកដីខេត្តព្រះសីហនុ ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ពីមជ្ឈដ្ឋានទូទៅ ហើយបន្ទាប់មកករណី ដូចគ្នានេះ បានបន្ដកើតឡើងនៅរាជធានីភ្នំពេញ ប៉ុន្ដែករណីទាំង២នេះត្រូវបានសមត្ថកិច្ចនគរបាលមានវិធានការភា្លមៗ ហើយឈានទៅដល់ការបង្ក្រាប និងទប់ស្កាត់រហូតឃាត់ខ្លួន ជនជាតិចិនមួយក្រុមថែមទៀតផង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ មន្ដ្រីនគរបាលជាន់ខ្ពស់ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា «តាមគោលការណ៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន​ សូមឲ្យស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ បង្កើនការត្រួតពិនិត្យបញ្ហានេះ កុំឲ្យកើតមាននៅតាមមូលដ្ឋានរបស់ខ្លួន ហើយបើសិនមានការ ជួបប្រទះករណីបែបនេះ គឺត្រូវចាត់វិធានការទប់ស្កាត់ និងស៊ើបអង្កេតឲ្យដល់ឫសគល់ជាបន្ទាន់ កុំឲ្យកើតឡើងបន្ដទៀត»។

សូមបញ្ជាក់ថា ផ្ដើមចេញពីការចែកខិតប័ណ្ណបម្រើសេវាផ្លូវភេទខាងលើនេះ ក្នុងទឹកដីខេត្តព្រះសីហនុរួចមក នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ជួន ណារិន្ទ បានចុះបង្ក្រាបទីតាំងម៉ាស្សាឈ្មោះ «ប៉ាយជីងហាន់កុង» នៅសង្កាត់លេខ៣ ដែលបង្កប់សេវាបម្រើផ្លូវភេទ ដោយឃាត់ខ្លួនជនជាតិចិនសរុប២៩នាក់ ក្នុងនោះស្ដ្រី១៤នាក់​។

បន្ទាប់មកនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ គេក៏បានឃើញសកម្មភាពចែកខិតប័ណ្ណដូចគ្នានេះ នៅរាជធានីភ្នំពេញ ម្ដុំវិមាន​ឯករាជ្យ និងប្លុកបឹងកេងកង ប៉ុន្ដែភ្លាមៗនោះ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានចុះបង្ក្រាបទៅដល់ទីតាំងមួយកន្លែង នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ប៉ុន្ដែទីតាំងនោះ មិនទាន់ដំណើរការនៅឡើយទេ។

រហូតមកដល់ពេលនេះ​ ក្រៅពីខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ពុំទាន់មានសេចក្ដីរាយការណ៍ពីសកម្មភាពចែកខិតប័ណ្ណបម្រើសេវាផ្លូវភេទនេះ នៅតាមខេត្តដ៏ទៃទៀតនោះឡើយ៕