(ភ្នំពេញ)៖ ទីបំផុត ! មានគណបក្សនយោបាយរហូតដល់ចំនួន១៦ បានបញ្ជាក់ជំហរដើម្បីចូលរួមកិច្ចពិភាក្សាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមមន្រ្តីរៀបចំកិច្ចពិគ្រោះយោបល់នេះបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
គណបក្សនយោបាយដែលចូលរួមកិច្ចពិគ្រោះយោបល់ខាងលើនេះរួមមានដូចជា៖
១៖ គណបក្សខ្មែររួបរួមជាតិ
២៖ គណបក្សពន្លឺថ្មី
៣៖ គណបក្សសញ្ជាតិកម្ពុជា
៤៖ គណបក្សខ្មែរក្រោក
៥៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
៧៖ គណបក្សសាធារណរដ្ឋខ្មែរ
៨៖ គណបក្សរស្មីខេមរា
៩៖ គណបក្សហ៊្វុនស៊ិនប៉ិច
១០៖ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច
១១៖ គណបក្សយុវជនកម្ពុជា
១២៖ គណបក្សធម្មាធិបតេយ្យ
១៣៖ គណបក្សឆន្ទៈខ្មែរ
១៤៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៥៖ គណបក្សខ្មែរតែមួយ
១៦៖ គណបក្សប្រជាជនកម្ពុជា
គណបក្សដែលមិនចូលរួមមាន៖ ១៖ គណបក្សមាតុភូមិយើង, ២៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៣៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង ទី៤៖ គណបក្សខ្មែរឈប់ក្រ
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Facebook ផ្លូវការរបស់សម្តេចថា ការជួបជុំគ្នានេះ គឺជាការបង្ហាញឲ្យឃើញពីការឯកភាពជាតិ យ៉ាងពិតប្រាកដ តាមគន្លងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា និងឈានដល់ការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «នៅថ្ងៃស្អែកទី២១ សីហានេះ ខ្ញុំនឹងជួបប្រជុំព្រមទាំងហូបអាហារសាមគ្គីជាមួយបងប្អូនថ្នាក់ដឹកនាំមកពីគណបក្សនយោបាយ ទាំង២០ នៅវិមានសន្តិភាព។ ការជួបជុំបងប្អូននៅថ្ងៃស្អែកនេះ គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតកន្លងមកនេះ»។
សូមជម្រាបថា នាថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបង្កើតកិច្ចពិគ្រោះយោបល់មួយ រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ដើម្បីបានទទួលស្តាប់នូវគំនិតយោបល់នានា ពីមេដឹកនាំគណបក្សនយោបាយទាំងអស់នោះ យកធ្វើជាធាតុចូលក្នុងដឹកនាំ និងអភិវឌ្ឍជាតិកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។
បើតាមសម្តេចតេជោ ហ៊ុន សែន, ការបង្កើតកិច្ចពិភាក្សានេះធ្វើឡើង ដើម្បីផ្តល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតហើយ មិនទទួលបានអាសនៈនោះ បានចូលរួមកែលំអរគោលនយោបាយ និងផ្តល់ជាគំនិតយោបល់ល្អៗ សម្រាប់ចង្អុលបង្ហាញដល់រាជរដ្ឋាភិបាលក្នុងការដឹកនាំ និងអភិវឌ្ឍន៍ជាតិ៕