(ព្រះវិហារ)៖ ជំនួសផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានដាក់វិធានការបណ្តោះអាសន្ន គឺដាក់ក្តាឲ្យប្រជាពលរដ្ឋដើរឆ្លងកាត់ និងបើកបើកបរម៉ូតូបាន។

វិធានការបែបនេះ ក្នុងឱកាសដែលលោកអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យមើលផ្ទាល់ផ្លូវដែលរងការខូចខាតនោះ នៅស្រុកជ័យសែន ខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា «ដោយសាររដូវនេះជារដូវវស្សា ទឹកភ្លៀងតែងធ្លាកញឹកញាប់ យើងមិនអាចធ្វើការជួសជុល និងស្តារឡើងវិញផ្លូវនេះបានទេ។ ដូច្នេះមធ្យោបាយដែលល្អបំផុតសម្រាប់ ដោះស្រាយការលំបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ គឺយើងត្រូវដាក់ក្តាឲ្យប្រជាពលរដ្ឋ ដើរឆ្លងកាត់ និងបើកបរម៉ូតូបណ្តោះអាសន្នបាន។ ផុតពីរដូវភ្លៀងធ្លាក់ អាជ្ញាធរខេត្ត និងស្នើរសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ ជួសជុលផ្លូវនេះឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងយានយន្តគ្រប់ប្រភេទ»

សូមបញ្ជាក់ថា ផ្លូវដែលរងការខូចខាតនេះ មានប្រវែង៤គីឡូម៉ែត្រ តភ្ជាប់ពីទីរួមស្រុកជយ័សែន ទៅឃុំខ្យង ឃុំធ្មា និងឃុំច្រាច់៕