(ភ្នំពេញ)៖ ដំណើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅពេញមួយថ្ងៃដំបូង នៃសម័យប្រឡងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨នេះ ត្រូវបានបញ្ចប់ហើយ នៅវេលាម៉ោង៥ល្ងាច។ បើតាមកាលវិភាគប្រឡង ដំណើរការប្រឡងនេះ នឹងបន្ដនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ ទើបបញ្ចប់ទាំងស្រុង។

ជុំវិញដំណើរការប្រឡងនៅពេញមួយថ្ងៃដំបូងនេះ សភាពការណ៍ទូទៅនៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរ គ្មានអំពើហិង្សា ឬការរអាក់រអួលអ្វីណាមួយកើតឡើងនោះទេ។

បើតាមក្រសួងអប់រំ យុវជន និងកីឡា​ នៅពេលកំពុងប្រឡង​ បេក្ខជនខ្លះ​ក៏មាន​អាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម ប៉ុន្ដែ​​ខ្លះ​បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល និង​បានទទួលជំនួយ​សង្គ្រោះបឋម ពីក្រុម​គ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល។

សូមជម្រាបថា ​ដំណើរការសំណេរនាថ្ងៃទី១នេះ មាន​បេក្ខជន​ប្រឡង​សរុប​ ចំនួន ​១១៥,២៦៨​នាក់ ស្រី​៥៨,១៥៨​នាក់ អវត្តមានសរុបចំនួន ១​,​៧០៨នាក់ ស្រី​៦៩២នាក់។

បេក្ខជន​ប្រព្រឹត្ត​កំហុស​ឆ្គង មាន​ចំនួន ០៤ករណី ក្នុង​នោះ​ករណី​ដកហូត​ទូរស័ព្ទ​ដៃ​​០៣ករណី និង​នាំ​សំណៅ​ឯកសារ​ចូល​ចំនួន ​០១​ករណី ដោយ​ឡែក​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ចំនួន ១១​ករណី ប៉ុន្តែ​អាច​ដំណើរ​ការ​ប្រឡង​បន្តរហូតចប់ បន្ទាប់​ពី​ទទួល​បាន​ការសង្គ្រោះ​បឋម ករណី​បេក្ខជន​គ្រោះថ្នាក់​ចរាចរ​ចំនួន ​០១​ករណី និង​មាន ​០១ករណី ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ពុំ​អាច​ត្រឡប់​មក​បន្ត​ការ​ប្រឡង​បាន​។

បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង ០១ករណី (ប្រើ​ទូរស័ព្ទ) ត្រូវ​បាន​បញ្ឈប់​មិន​អនុញ្ញាត​ឲ្យ​បន្ត​ការងារ។ មណ្ឌល​មួយ​ចំនួន​នា​ពេល​ព្រឹក​នេះ ​មាន​ភ្លៀង​ធ្លាក់​នៅ​ខេត្ត​កោះកុង ខេត្ត​កែប ខេត្ត​តាកែវ និង​ខេត្ត​ក្រចេះ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​សំណេរ​របស់​បេក្ខជន​ឡើយ។ នេះបើតាមការឲ្យដឹងពីទំព័រ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕​