(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់បណ្ដាអ្នកនយោបាយទាំងអស់ ជាពិសេសក្រុមប្រឆាំងថា ត្រូវបែងចែកគ្នាឲ្យដាច់ពីពាក្យថា «ចាត់តាំង» និង «តែងតាំង» ដែលត្រាស់បង្គាប់ដោយព្រះមហាក្សត្រ ព្រោះកាលណាមិនបែងចែកឲ្យដាច់នោះទេ វានឹងបង្កឲ្យមានការភ័យខ្លាចខ្លាំងណាស់។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើង នៅក្នុងកិច្ចពិគ្រោះយោបល់ជាមួយប្រធានគណបក្សនយោបាយទាំង១៦ នៅវិមានសន្តិភាព បន្ទាប់ពីមានការឆ្លើយឆ្លងគ្នារវាងអ្នកនយោបាយ ប្រឆាំងលើករណីនេះ ក្រោយព្រះមហាក្សត្រខ្មែរ ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី នៃកម្ពុជា សម្រាប់អាណត្តិទី៦ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រយៈពេលកន្លងទៅនេះ គឺមានការលើកឡើងចេះចុះអំពីព្រះមហាក្សត្រ ចាត់តាំង នាយករដ្ឋមន្ដ្រី។ សូម្បីតែពាក្យចាត់តាំង តែងតាំង ក៏បែងចែកគ្នាមិនដាច់ផង នេះគឺជារឿងមួយដែលគួរឲ្យភ័យខ្លាច»។
ដើម្បីយល់ពីការត្រាស់បង្គាប់ចាត់តាំង ពីសំណាក់ព្រះមហាក្សត្រឲ្យកាន់តែច្បាស់បន្ថែម សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន និងអ្នកនយោបាយទាំងអស់ ត្រូវទៅមើលរដ្ឋធម្មនុញ្ញ ដើម្បីដឹងច្បាស់ថា ការចាត់តាំងនេះអនុវត្តតាមមាត្រាណាមួយ ដោយសម្តេចក៏បានលើកឡើងនូវការពន្យល់លើមាត្រា ក្នុងរដ្ឋធម្មនុញ្ញបន្ថែមទៀតផង។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា បើអនុវត្តតាមមាត្រា១២៩ នៃរដ្ឋធម្មនុញ្ញ គឺតម្រូវឲ្យមានការស្នើពីប្រធានរដ្ឋសភា និងមានការឯកភាពពី អនុប្រធានរដ្ឋសភាទាំង២ ទើបព្រះមហាក្សត្រឡាយព្រះហស្ថចាត់តាំង វីរជនម្នាក់ ដែលចេញពីគណបក្សឈ្នះឆ្នោត ឲ្យរៀបចំរាជរដ្ឋាភិបាល រួចទៅសុំការទុកចិត្តពីរដ្ឋសភា។ ប៉ុន្ដែលើកនេះ ព្រះមហាក្សត្រទ្រង់យោងតាមសំណើរ របស់ព្រឹទ្ធបុរស នៃសភា ដូច្នេះមានន័យថា ការចាត់តាំងនេះ គឺអនុវត្តនូវច្បាប់ធម្មនុញ្ញបន្ថែម ស្ដីពីដំណើរការជាប្រក្រតី នៃស្ថាប័នរដ្ឋ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា អ្នកនយោបាយកុំគ្រាន់តែចង់ធ្វើការប្រឆាំងណាមួយនោះ ដោយហ៊ានបកស្រាយដោយមិនច្បាស់លាស់ គឺត្រូវចេញមកតបត មិនមែនឆ្លើយឆ្លងគ្នាតាមសារព័ត៌មាន ឬបង្ហោះនៅលើបណ្ដាញសង្គមនោះទេ ពោលត្រូវហ៊ានចេញមកជួបមុខគ្នា ទើបអាចបកស្រាយជាមួយគ្នាបាន៕