(ភ្នំពេញ)៖ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា នៅព្រឹកថ្ងៃចុងក្រោយ ត្រូវបានបញ្ចប់ហើយ ជាមួយបរិយាកាសល្អប្រសើរ មាន​ភាព​ស្ងប់ស្ងាត់ និង​មាន​សណ្ដាប់​ធ្នាប់​របៀប​រៀបរយ​ល្អ​ទាំង​នៅ​ក្នុង ​និង​ក្រៅ​មណ្ឌល​ប្រឡង​។

យ៉ាងណាមិញ បើតាមក្រសួងអប់រំ យុវជន និងកីឡា មានបេក្ខជនមួយចំនួន មានអាការៈមិនស្រូលខ្លួន ប៉ុន្ដែបេក្ខជនខ្លះបានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយបានទទួលជំនួយសង្គ្រោះបឋម ពីក្រុម គ្រូពេទ្យប្រចាំការនៅតាមមណ្ឌល។

សូមរំលឹកថា ក្នុងដំណើរការសំណេរថ្ងៃដំបូង ពោលថ្ងៃទី២០ ខែសីហាម្សិលមិញ ​មានបេក្ខជនប្រឡងសរុប ចំនួន​១១៥,២៦៨​នាក់ ស្រី​៥៨,១៥៨​នាក់ អវត្តមានសរុបចំនួន ១​,៧៥២នាក់ ស្រី​៧១០នាក់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គង មានចំនួន០៤ករណី ក្នុងនោះករណី​ដកហូតទូរស័ព្ទដៃ ទាំង​០៣ករណី និងនាំសំណៅឯកសារចូល ចំនួន០១ករណី។

ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរ ចំនួន​៣២ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ករណីបេក្ខជនគ្រោះថ្នាក់ចរាចរណ៍ ចំនួន០១ករណី និងមាន​០២ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងពុំអាចត្រឡប់មកបន្តការប្រឡងបាន​។

បុគ្គលិកអប់រំមានកំហុសឆ្គង០១ករណី (ប្រើទូរស័ព្ទ) ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ។ មានភ្លៀងធ្លាក់ នៅមណ្ឌលមួយចំនួនស្ថិតនៅខេត្តកោះកុង កែប តាកែវ ក្រចេះ រតនគិរី បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ៕​