(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង១១ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ជំនន់ទឹកស្ទឹងព្រែកត្នោត កំពុងបន្ដការគំរាមកំហែង ដែលអាចលិចតំបន់មួយក្នុងទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ បើសិនមិនអាចគ្រប់គ្រង និងទប់ស្កាត់ទាន់ពេលវេលាដែលមានប្រសិទ្ធភាព ខណៈស្ថានភាពនេះប្រហាក់ប្រហែលកាលពីខែកក្កដាកន្លងទៅនេះ។

ថ្លែងប្រាប់អង្គភាព Fresh News អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម​ លោក ចាន់ យុត្ថា បានបញ្ជាក់ថា ចំពោះស្ថានភាពជំនន់ទឹកនេះ ក្រុមបច្ចេកទេសជំនាញរបស់ក្រសួង ក្រោមការបញ្ជាពីលោករដ្ឋមន្រ្តី លឹម គានហោ អាចគ្រប់គ្រងបានទាំងស្រុង មិនមានអ្វីជាបញ្ហាចោទនោះទេ បន្ទាប់ពីតួទំនប់សណ្ដរស្ទឹងព្រែកត្នោតទាំង៣កន្លែង បានជួសជុលរួចរាល់។

លោក ចាន់ យុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា ​«ទឹកចាប់ផ្តើមឡើងគំហុក ចាប់ពីម៉ោង​១​រំលងអធ្រាត្រមក​។ មកដល់ម៉ោង​១១​នេះ ទឹកបានឡើងពេញបន្ទុក ដោយហូរពីលើទំនបើបង្ហៀរ​៧​មករា កម្ពស់​០,៧៣ ម៉ែត្រ (​ប្រហាក់ប្រហែលនឹងជំនន់កាលពីខែកក្កដា​កន្លងទៅ​) និងកំពុងបន្តឡើងសន្សឹមៗបន្ថែមទៀត​។ ប៉ុន្តែសភាពការណ៍ជំនន់នេះ យើងអាចគ្រប់គ្រងបានទាំងស្រុង មិនមានបញ្ហាអ្វីទេ ហើយមានការហូរច្រោះតួទំនប់សណ្តរស្ទឹង​៣​កន្លែង តែយើងបានធ្វើការជួសជុលរួចរាល់អស់ហើយ​»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ​ស្ថានភាពអាកាសធាតុ ក៏បានធូរស្រាលម្សិលមិញ មិនមានភ្លៀង​ធ្លាក់ខ្លាំងទេ ឯទឹកនៅផ្នែកខាងលើបានស្រកចុះបណ្តើរៗ ឯទ្វារទឹកនៅអាងទឹកតាសាល និងរលាំងជ្រៃ ក៏បានសម្រុតចុះមួយចំនួនហើយដែរ ដើម្បីកាត់បន្ថយបរិមាណទឹក កុំឲ្យហូរបុកមកក្រោមខ្លាំងពេក​។ ខណៈនៅទំនប់ ​៧មករា ក្រុមការងារ​បាន​និងកំពុងបង្វែរទឹកខ្លះចូលទៅទន្លេបាទី​។

បើតាមលោក ចាន់ យុត្ថា ការដោះទឹក មានសភាពយឺតជាងមុនបន្តិច ដោយសារពេលនេះទឹកទន្លេបាសាក់ក៏មានកម្ពស់ខ្ពស់ ប៉ុន្ដែជំនន់ពេលនេះ​ អាចរហូតដល់ស្អែកថ្ងៃត្រង់ ទើបចាប់ធូរស្រាលទៅវិញ៕