(ភ្នំពេញ)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន៤រូប ដែលដើរតាមគណបក្សហ្វ៊ិនស៊ិនប៉ិច អស់រយៈកាលយូរមកហើយនោះ នៅពេលនេះ ត្រូវបានប្រធានស្តីទីគណបក្ស ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ សម្រេចបណ្ដេញចេញពីគណបក្ស ដោយបញ្ចប់សមាជិកភាពព្រមទាំងតួនាទីតែម្ដង។

ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំង៤រូប ដែលត្រូវបានគេមើលឃើញថា ស្ម័គ្រស្មោះ និងដើរតាមសម្ដេចក្រុមព្រះ នរោត្តម រណឫទិ្ធ ក្នុងឆាកនយោបាយកម្ពុជា រយៈពេលជាយូរឆ្នាំមកនោះ រួមមាន លោក យូ ហុកគ្រី អនុប្រធានគណបក្ស​, លោក ញែប ប៊ុនជិន អនុប្រធានគណបក្ស និងជាអ្នកនាំពាក្យគណបក្ស, លោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក វ៉ាន់ សុផាន់ណា អគ្គលេខាធិការរងគណបក្ស។ នេះបើយោងតាមសេចក្ដីសម្រេចរបស់ប្រធានស្ដីទីគណបក្ស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ។

ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ផ្ទៃក្នុងរបស់គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ហាក់មានការរង្គោះរង្គើរផ្ទៃក្នុងយ៉ាងខ្លាំង បន្ទាប់ពីព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់សម្តេចក្រុមព្រះ ត្រូវបានតែងតាំងជាប្រធានស្ដីទីគណបក្ស ខណៈដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងសម្រាកព្យាបាលព្រះរាជសុខភាពនៅប្រទេសថៃ៕​