(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា បានចាប់ផ្ដើមបន្ដទៀតហើយ នៅវេលាម៉ោង២រសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ មុនឈានដល់ការបញ្ចប់ទាំងស្រុង នៅវេលាម៉ោង៥ល្ងាចថ្ងៃនេះ។

ការប្រឡងនៅរសៀលថ្ងៃចុងក្រោយនេះ សម្រាប់ថ្នាក់វិទ្យាសាស្ដ្រ ប្រឡងមុខវិជ្ជា គណិតវិទ្យា និងថ្នាក់វិទ្យាសាស្ដ្រសង្គម ប្រឡងមុខវិជ្ជា អក្សរសាស្ដ្រខ្មែរ។ នេះបើតាមកាលវិភាគរបស់ក្រសួងអប់រំ យុវជន និងកីឡា។

មុនឈានដល់ការ​ប្រឡងនៅរសៀលនេះ​ ក៏មិនខុសពីពេលព្រឹក​នោះទេ ពោលដោយ​មុនពេលបេក្ខជនចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ​គណៈកម្មការអនុរក្ស មន្ត្រី​អ្នកសង្កេតការណ៍ស្ម័គ្រចិត្តអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា​ បានឆែករកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិក គ្រប់ប្រភេទពីបេក្ខជនផងដែរ។

សូមជម្រាបថា សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨នេះ ​ធ្វើឡើងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨។ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួនសរុប ១១៧,០៦១នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៥មណ្ឌល ដែលត្រូបានចែកចេញជា ៤៧៦១បន្ទប់ នៅរាជធានី-ខេត្តទាំង២៥៕