(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចពិគ្រោះយោបល់រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សនយោបាយទាំង១៦ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ, លោក ឈឹម ផលវរុណ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានពន្យល់យ៉ាងលម្អិត អំពីយន្តការនានា ក្នុងការបង្កើត «​ឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» ដែលជាយន្ដការថ្មីមួយទៀត ដើម្បីចូលរួមឆ្លើយតប និងផ្ដល់ផលប្រយោជន៍ប្រជាពលរដ្ឋទាំងមូល ដែលវាមិនមែនជាផ្ដល់ប្រយោជន៍របស់រាជរដ្ឋាភិបាលនោះឡើយ។

លោក លឹម ផលវរុណ បានបញ្ជាក់ថា តំណាងគណបក្សនយោបាយនីមួយ ដែលបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សានោះ គឺសុទ្ធតែបានយល់ស្រប និងឯកភាព តាមសម្តេចតេជោ ហ៊ុន សែន សម្រេចបានបង្កើត និងដាក់ឈ្មោះ «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់»។

«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់» នេះមានភារកិច្ច និងយន្តការរួមមាន៖

* ភារកិច្ច

ទី១៖ ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល (ធាតុចូល)។
ទី២៖ ចូលរួមផ្តល់យោបល់ដល់សេចក្តីព្រាងច្បាប់របស់របស់រាជរដ្ឋាភិបាលមុនគណៈរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សា មានអត្តនោម័តិធ្វើញត្តិជូនព្រឹទ្ធសភាតតំាង និងច្បាប់ដែលបានអនុម័តដោយរដ្ឋសភា។
ទី៣៖ ឧត្តមក្រុមប្រឹក្សានេះ បានចូលរួមផ្តល់យោបល់ដល់ នាយករដ្ឋមន្រ្តីចំពោះភាពអសកម្ម ឬបទរំលោភណាមួយរបស់មន្រ្តី ឬនាយករដ្ឋមន្រ្តី។
ទី៤៖ ការបង្កើតឧត្តមក្រុមប្រឹក្សានេះ គឺតាមរយៈព្រះរាជក្រឹត្យ។

* សមាសភាព និងយន្តការ

ទី១៖ សមាសភាព ដោយស្ម័គ្រចិត្ត មកលើគណបក្សដែលបានចូលរួមបោះឆ្នោត អាណត្តិទីប្រាំមួយ ជាមួយនឹងការឯកភាពពីនាយករដ្ឋមន្រ្តី
ទី២៖ គណបក្សនីមួយៗមានតំណាងពីររូប ដែលជាប្រតិភូ និងតែងតំាងដោយព្រះរាជក្រឹត្យ ស្នើដោយនាយករដ្ឋមន្រ្តី (ដោយតែងតាំងឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី)
ទី៣៖ ប្រធានឧត្តមក្រុមប្រឹក្សា គឺអនុវត្តន៍បានគោលកាណ៍បន្តវេនមួយខែ ម្តងតាមលេខរៀង បញ្ជីបោះឆ្នោត
ទី៤៖ ត្រូវមានលេខាធិការដ្ឋានមួយ ទទួលខុសត្រូវដោយមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីម្នាក់មកពីគណបក្សនីមួយៗ
ទី៥៖ លេខាធិការដ្ឋាន និងកន្លែងប្រជុំស្ថិតនៅក្នុង វិមានសន្តិភាព។

*កិច្ចដំណើរការ

ទី១៖ ប្រជុំមួយខែម្តង តាមការកោះប្រជុំ របស់ប្រធានបន្តវេន
ទី២៖ ប្រជុំជាមួយនាយករដ្ឋមន្រ្តី០៦ខែម្តង ឬជាការចាំបាច់របស់នាយករដ្ឋមន្រ្តី ដែលធ្វើនៅចន្លោះពេលនេះ តាមការកោះប្រជុំរបស់នាយករដ្ឋមន្រ្តី
ទី៣៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ នឹងត្រូវបញ្ចប់អនុលោមតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕