(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតក្រដាសខ្ចប់ពីអាលុយមីញ៉ូមថ្មីៗចំនួន២ទៀតហើយ បើកដំណើរការនៅកម្ពុជា សរុបទុនវិនិយោគជិត៥លានដុល្លារអាមេរិក និងបង្កើតការងារចំនួន៧៤២កន្លែង។ នេះបើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២១ ខែសីហានេះ។
CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន HENG MEILING (CAMBODIA) TEXTILE CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៥១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៦៤៩កន្លែង។
២៖ ក្រុមហ៊ុន EAR CHHUNG HONG INVESTMENT CO.,LTD: គម្រោងបង្កើតរោងចក្រផលិតក្រដាសខ្ចប់ពី អាលុយមីញ៉ូម (ALUMINUM FOILS) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៩៣កន្លែង។
សូមជម្រាបថា នៅឆមាសទី១ ឆ្នាំ២០១៨ CDC បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១០៦គម្រោង ដែលក្នុងនោះមានគម្រោងថ្មីចំនួន៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន០៩។ តួលេខវិនិយោគនេះ បានបង្ហាញឲ្យឃើញនូវនិន្នាការនៃការវិនិយោគ ដែលមានការកើនឡើង នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដោយមិនមានសញ្ញានៃការរារែក ឬការបង្អែរបង្អង់ក្នុងការបណ្តាក់ទុនវិនិយោគឡើយ៕